ដើរបង្ហាញម៉ូដកម្មវិធី រាត្រីចងចាំ Nikki Nikki ប្រាប់ថា ប្រាសាទ បាពួន មានឈ្មោះដើមម្យ៉ាងទៀត
បើគិតមកដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣ នេះ គឺជាថ្ងៃទី ៣ ហើយ នៃការរៀបចំការសម្ដែងល្ខោន និង សិល្បៈទស្សនីយភាពនានា នៅក្នុងព្រឹត្តិការណ៍រំឭកគុណអង្គរ ឆ្នាំ ២០២៣ និង ដើម្បីចូលរួមអបអរសាទរខួប ១៣ ឆ្នាំ នៃការចុះរមណីដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
តួយ៉ាង ត្រឡប់ទៅកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ ជាថ្ងៃសម្តែងទី ១ វិញនោះ ក្នុងកម្មវិធី «រាត្រីចងចាំ» ក៏មានព្រឹត្តិការណ៍ «រាត្រីសមោសរ សប្បុរសធម៌» មានការរៀបចំធ្វើឡើងនៅប្រាសាទបាពួន បង្ហាញជូននូវទស្សនីយភាពសិល្បៈនៃការបង្ហាញម៉ូដសម្លៀកបំពាក់ខ្មែរដ៏ប្រណីត ដែលមានការចូលរួមពី តារាចម្រៀង តារាសម្តែង តារាបង្ហាញម៉ូដ រួមទាំងសិល្បករ សិល្បការិនីរបស់ក្រសួងវប្បធម៍ និង វិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជាជាច្រើន។
តួយ៉ាងក្នុងនោះ ក៏មានតារាចម្រៀង Original Song គឺកញ្ញា Nikki Nikki ក៏មានវត្តមានក្នុងការដើរបង្ហាញម៉ូដនៃឈុតមានច្នៃដោយលោក Oliva Kong លើប្រាង្គប្រាសាទបាពួនផងដែរ។
ក្រោយពីបញ្ចប់បេសកកម្មនេះហើយ កញ្ញា Nikki Nikki ក៏បានបង្ហោះសារត្រេកអរនៃការចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ព្រមទាំងលើកឡើងថា ការដើរបង្ហាញម៉ូដលើកនេះ នាងបានរៀនយល់ដឹងពីរឿងម្យ៉ាង។ ក្នុងនោះ Nikki Nikki រៀបរាប់ថា៖ «ការងារមួយនេះ បានបង្រៀនអ្វីថ្មីមួយដល់ខ្ញុំទាក់ទងនឹងឈ្មោះប្រាសាទ។ ឈ្មោះ ប្រាសាទ បាភួន គឺជាឈ្មោះដើម។ បាពួន គឺជាការហៅជំនាន់ក្រោយ។ ខ្ញុំសុំហៅតាមក្រសួង និងអ្នកដែលសិក្សាពីប្រវត្តិសាស្រ្ត។ បង ប្អូនចង់ហៅ បាពួនក៏បានដែរ»៕
រូបភាព៖ រាត្រីចងចាំ & SNAPP MEDIA