នៅរសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការបិទច្រកដូងនៃ ព្រំដែនកម្ពុជា-ថៃ នៃខេត្តបាត់ដំបង ខណៈថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃ ឆ្លងកាត់ទៅវៀតណាម តែថ្ងៃនេះកកស្ទះនៅព្រំដែនក្រោយកម្ពុជាបិទ។
សម្ដេចបានមានប្រសាសន៍ថា ៖ «សូមបងប្អូនកសិករថៃដែលកំពុងប្រមូលផល ទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯង ព្រោះកម្ពុជានឹងបើកច្រកនេះឡើងវិញតែពេលណាច្រកព្រំដែនទាំងអស់ដែលយោធាថៃបិទជាឯកតោភាគី សម្រួលដូចមុនពេលបិទ»។
សម្ដេចបានបន្តថា ៖ «យើងស្គាល់បញ្ហានេះយូរហើយ តែយើងមិនចង់រំខានការរកស៊ីរបស់ប្រជាជន តែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុចតូចៗ ៣ ប៉ុណ្ណោះ គឺទី ១ ឈប់ទិញអ៊ីនធឺណិតទី ២ ឈប់ឱ្យបញ្ចាំងភាពយន្តថៃក្នុងទឹកដីកម្ពុជា និង ទី ៣ បិទច្រកដូង ដែលមានផលបះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ។ នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់ ១២ ម៉ោងរបស់កម្ពុជា»៕