នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ប្រភពព័ត៌មានបានរាយការណ៍ឱ្យដឹងថា នៅព្រឹកនេះ សពរបស់លោក ផល សុផេង ដែលជួបគ្រោះថ្នាក់ ជិះម៉ូតូទឹកធ្លាក់ចូលទន្លេកាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៥ ត្រូវបានអ្នកនេសាទខ្មែរឥស្លាម ប្រទះឃើញ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោងជាង ៣ ទាបភ្លឺ នៅខាងក្រោយវត្តចាក់អង្រែក្រោម។
សូមរំឭកផងដែរថា កាលពីវេលាម៉ោង ៤ ល្ងាចថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៥ លោក ផល សុផេង ដែលមានវ័យ ៤០ ឆ្នាំ បានជិះម៉ូតូទឹកលេងកម្សាន្ត ក្នុងទឹកទន្លេ ជិតស្ពានកោះនរា មួយសន្ទុះក្រោយមកក៏ធ្លាក់ចូលទឹក ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈបើតាមវីដេអូ គេឃើញបុរសរូបនេះបានព្យាយាមហែលចង់តោងម៉ូតូរបស់ខ្លួន តែតោងមិនជាប់ ស្រាប់តែមួយសន្ទុះក្រោយមកក៏លិចចូលទឹកទន្លេបាត់តែម្ដង។
យ៉ាងណាមិញ ក្រោយកើតហេតុប្រមាណ ៣ ថ្ងៃ បច្ចុប្បន្នសពត្រូវបានរកឃើញ និង ត្រូវបានក្រុមគ្រួសារនៃសពបានទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕