សារព័ត៌មានបរទេស បានរាយការណ៍ពីករណីរបស់ស្រ្តីម្នាក់នៅប្រទេសចិន ដែលត្រូវចូលសង្រ្គោះបន្ទាន់ វះកាត់យកក្រពះចេញ ក្រោយពីមិនបត់ជើងធំរាប់ខែ និង ប្រទះឃើញមានអាហារដល់ទៅ ៥ គីឡូនៅក្នុងពោះ។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីរូបនេះមានវ័យ ៤១ ឆ្នាំ ជាមនុស្សចូលចិត្តហូបច្រើន ហើយមិនយូរប៉ុន្មាននេះ នាងចាប់ផ្តើមមានអាការហើមពោះ និង ក្អួត រហូតធ្ងន់ធ្ងរ ទើបខាងគ្រួសារបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ គ្រូពេទ្យបានឱ្យដឹងថា ក្រពះរបស់នាងមានការរីកខុសធម្មតា ដោយសារតែការស្ទះទងពោះវៀនតូច ហើយក៏សម្រេចចិត្តធ្វើការវះកាត់។
ក្នុងការវះកាត់នេះ គ្រូពេទ្យបានយកអាហារចេញពីក្នុងក្រពះរបស់នាងយ៉ាងច្រើន រួមទាំងមានដុំគ្រួសមួយចំនួនផង ហើយចុងក្រោយគ្រូពេទ្យក៏បានវះកាត់យកក្រពះនាងចេញទាំងអស់ និង បានវះកាត់ភ្ជាប់បំពង់អាហារជាមួយនឹងពោះវៀនតូច ដើម្បីឱ្យអាហារបានឆ្លងកាត់ដោយផ្ទាល់។ យ៉ាងណាមិញ ក្រោយពីបានវះកាត់ នាងត្រូវបានគេបញ្ជូនចូលបន្ទប់សង្រ្គោះបន្ទាន់ដដែល ដើម្បីរងចាំតាមដានអាការបន្តទៀត៕
ប្រភព៖ Khaosod