នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ឱ្យបានដឹងថា គិតត្រឹមថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ ច្រកទ្វារព្រំដែនអន្តរជាតិនានា និង ច្រកទ្វារតំបន់ទាំងអស់ តាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ នៅមិនទាន់បើកដំណើរឡើងវិញនោះទេ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់បែបនេះ បន្ទាប់ពីកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម ដោយគណនីហ្វេសប៊ុកឈ្មោះ Heng Heng បានធ្វើការបង្ហោះវីដេអូ និង មានខ្លឹមសារថា «គេបើក ច្រកទ្វារព្រំដែនវិញហើយ តែមេត្តាកុំភ្លេចរើបន្លាលួសផង បើបើកគ្រាន់តែបន្លប់បន្លំឱ្យពលរដ្ឋភ្លេចបន្លាលួស ស៊យហើយកម្ពុជា»។ ពាក់ព័ន្ធនឹងករណីនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការស្រាយបំភ្លឺដូចតទៅ៖
១.គណនីហ្វេសប៊ុកឈ្មោះ Heng Heng បានយកវីដេអូនៅក្នុងផេក (Page Facebook) ឡៃលី ប៉ោយប៉ែត-Laily Poipet មកបង្ហោះនោះគឺជាវីដេអូចាស់របស់លោក ឡៃ លី ជាអ្នកសារព័ត៌មាន ទូរទស្សន៍ភីអិនអិន (PNN) ធ្វើការផ្សាយផ្ទាល់ (Live) នៅបរិវេណប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់ កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ មកម៉្លេះ។
២.ចំពោះគណនីហ្វេសប៊ុកឈ្មោះ Heng Heng គឺជាគណនីហ្វេសប៊ុកប្រើប្រាស់ផ្ទាល់ខ្លួន មិនមានមូលដ្ឋានច្បាស់លាស់ ត្រឹមត្រូវ ដែលមានចេតនាមិនល្អដោយយកវីដេអូព័ត៌មានចាស់មកបង្ហោះ បំពុលសង្គម ធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំជាព័ត៌មានថ្មី៕