តិចមើលអត់ស្គាល់! ចូលហោះហើរវិញ ធីតាឯកសង្ក្រាន្ត ឆ្នាំ ២០២២ ផ្លាស់ប្តូរសម្រស់ស្អាតខ្លាំងណាស់
ជឿជាក់ថាប្រិយមិត្តប្រាកដជាចាំបាននូវម្ចាស់ជ័យលាភីធីតាឯកសង្ក្រាន្តរដូវកាលទី ៣ ឆ្នាំ ២០២២ ហេង រិនសុម៉ាលីតា ដែលនាងគឺជាធីតាឯកសម្តែងជាទេវតាឆ្នាំថ្មី ឆ្នាំខាល សម្រាប់ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្រៅពីអាជីពសិល្បៈ នាងក៏បម្រើការងារជានារីអាកាសចរណ៍ដ៏មានប្រជាប្រិយភាពមួយរូប។
ប្រឡូកការងារសិល្បៈពេញទីទើបបានមួយរយៈ ថ្មីៗនេះឃើញថានាងបានត្រលប់ទៅកាន់អាជីពដើមរបស់ខ្លួនវិញ ជានារីអាកាសចរណ៍ដែលនាងធ្លាប់ធ្វើតាំងតែពីរៀននៅសាកលវិទ្យាល័យឆ្នាំទី ១ ម្ល៉េះ។ តាមរយៈការបង្ហោះរូបភាពនៅលើគណនីហ្វេសប៊ុក នារីអាកាសចរណ៍ដែលអាចនិយាយបាន ៣ ភាសា ចិន អង់គ្លេស និង ភាសាដើមកំណើតរូបនេះ ហាក់មើលទៅកាន់តែស្រស់ស្អាតប្លែកជាងមុន។ នាងបានបង្ហាញខ្លួនក្នុងឈុតពណ៌ក្រហមដែលអាចបញ្ជាក់យ៉ាងច្បាស់ថា នាងកំពុងបម្រើការងារឱ្យក្រុមហ៊ុនអាកាសចរណ៍ AirAsia។
បើតាមការសាកសួរទៅអ្នកគ្រប់គ្រងធីតាឯកសង្ក្រាន្ត បច្ចុប្បន្ន ហេង រិនសុម៉ាលីតា បានផុតកុងត្រាជាមួយកម្មវិធីធីតាឯកសង្ក្រាន្តហើយ។ ដូច្នេះមានន័យថា នាងជាតារាឯករាជ្យ ដែលអាចចាត់ចែងកាលវិភាគដោយខ្លួនឯង មិនថាអាជីពសិល្បៈ ឬ អាកាសចរណ៍ឡើយ៕