ពិតជាមិននឹកស្មានឡើយ នូវរឿងរ៉ាវរបស់ស្រ្តីជនជាតិអាមេរិកម្នាក់ ដែលដល់ថ្នាក់ត្រូវបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ ដោយសារតែការញេចមុនចំកន្លែងមួយនេះនៅលើផ្ទៃមុខ។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីរូបនេះឈ្មោះថា Alice Monaco វ័យ ៣២ ឆ្នាំ រស់នៅក្នុងរដ្ឋ Michigan។ នាងបានញេចមុននៅលើតំបន់ Triangle Death ឬគេហៅថាត្រីកោណមរណៈ ដែលជាតំបន់ចាប់ពីគល់ច្រមុះមកត្រឹមក្រអូមមាត់ខាងលើនៃផ្ទៃមុខ។ ក្រោយពីញេចហើយមិនបានប៉ុន្មានម៉ោង នាងក៏ចាប់ផ្តើមវិលមុខជាខ្លាំង និង ឈឺចាប់លើផ្ទៃមុខ រហូតដល់ហើមផ្នែកខាងស្តាំ និង ថែមទាំងពិបាកក្នុងការនិយាយទៀតផង។
យ៉ាងណាមិញ នាងបានទៅមន្ទីរពេទ្យបន្ទាន់ដោយសារតែខ្លាចមានការឆ្លងមេរោគ ហើយគ្រូពេទ្យបានឱ្យដឹងថា តំបន់ត្រីកោណមរណៈនេះមានហានិភ័យខ្ពស់ ព្រោះតែវាមានសរសៃឈាមដែលភ្ជាប់ដោយផ្ទាល់ទៅកាន់ខួរក្បាល ហើយការឆ្លងមេរោគ ឬ របួសនៅក្នុងតំបន់នេះអាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ។ ក្នុងនោះ បាក់តេរីអាចចូលទៅក្នុងខួរក្បាលបានយ៉ាងស្រួល ដែលបង្កឱ្យមានការរលាកស្រោមខួរ ខ្ទុះក្នុងខួរក្បាល ឬ ឈាមកកក្នុងខួរក្បាល ជាដើម ដូចនេះហើយត្រូវតែប្រុងប្រយ័ត្នចំពោះតំបន់នេះឱ្យបានល្អជាទីបំផុត៕
ប្រភព៖ Khaosod