នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ឱ្យបានដឹងថាព្យុះទី ២៣ ឈ្មោះ ណាគ្រី (Nakri) T2523 ដែលមានទីតាំងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និង ព្យុះទី ២២ ឈ្មោះ ហាលុង (Halong) T2522 នៅតែមានឥទ្ធិពលខ្សោយមកលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអានដាមម៉ែន សមុទ្រកម្ពុជា អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និង លើព្រះរាជាណាចក្រកម្ពុជា ខណៈគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះ ពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ។
ក្រសួងបានបន្តឱ្យដឹងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥ មានលក្ខណៈដូចតទៅ៖
១. តំបន់វាលទំនាប
– សីតុណ្ហភាពមធ្យមអប្បបរមា ២២°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសបូព៌ និង ទិសអាគ្នេយ៍ មានល្បឿនមធ្យម ២ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២០%។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣០°C។ ខ្យល់បក់មកពីទិសបូព៌ និង ទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥%។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសនិរតី និង ទិសអាគ្នេយ៍ មានល្បឿនមធ្យម ២ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ២០%។
– រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ១,៥០ ម៉ែត្រ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖