រដូវភ្លៀងមកហើយ! មិត្តៗនារីកុំភ្លេចលេងខ្លួនតាម Trend ៥ នេះ បានទាំងហ្វេហ្សិន ត្រូវទាំងអាកាសធាតុ
ដើមវស្សានរដូវ អាកាសធាតុម្តងក្តៅ ម្តងត្រជាក់ ជួនភ្លៀង ជួនបើកថ្ងៃមិនទៀង។ ការស្លៀកពាក់ក៏រមែងបត់បែនទៅតាមរដូវកាល ជាក់ស្តែង មកដល់រដូវដែលពោរពេញទៅដោយសំណើមនេះ ការលេងខ្លួនស្លៀកពាក់ជាមួយឈុតខ្លីៗ និង ស្រឡះខ្លួន បានក្លាយជាជម្រើសដ៏សមស្របបំផុត។ ខណៈម៉ាកអន្តរជាតិបានបញ្ចេញខូឡិកហ្សិន Spring/Summer 2024 ជាមួយ Trend ច្រើនបែប «ប្រជាប្រិយ» សូមជ្រើសរើស Trend ស្លៀកពាក់របស់នារី ចំនួន ៥ បែប សុទ្ធសឹងជាម៉ូដស័ក្តិសមទៅនឹងរដូវភ្លៀង ហើយស៊ីវិល័យបែបហ្វេហ្សិនផងដែរ។
១. ឈុតខ្សែចាក់
សព្វមួយដងក្រណាត់ចាក់ច្រើនតែប្រើនៅរដូវរងា តែមកដល់ខូឡិកហ្សិន Spring/Summer ២០២៤ អ្នកច្នៃម៉ូដបានបត់បែនប្រើក្រណាត់ទៅតាមរដូវកាល។ ជាក់ស្តែង ក្រណាត់មានលក្ខណៈរង្វើលៗ មានក្បាច់ មានម៉ូដ សុទ្ធសឹងជាស្ទាយ៌មួយបែបនៃ boho chic។ ការបញ្ចេញម៉ូដមានរាងរៅ លាយឡំភាពជាស្ត្រីផងនោះ បានផ្តល់ជាជម្រើសស្លៀកពាក់បានទាំងប្រចាំថ្ងៃ និងរហូតឆ្ពោះទៅកម្មវិធីនាពេលរាត្រីផងដែរ។
២. ឈុតកីឡាខ្លីតែខ្លឹម
ស័ក្តិសមនឹងរដូវភ្លៀង សុភាពនារីអាចប្រើតែឈុតកីឡាខ្លីៗ ក៏អាចបង្កើតជាស្ទីលលេងខ្លួនហ្វេហ្សិនយ៉ាងឡូយឆាយ។ ចំណុចបង្កើតភាពហ្វេហ្សិនរបស់ឈុតនេះ គេមិនផ្តោតប្រើស្បែកជើងកីឡាដូចសព្វដងនោះទេ ពោលគេប្រើស្បែកជើងជម្រើស ៣ បែប គឺ ស្បែកជើងកវែង ស្បែកជើងកែង និង ស្បែកជើងសង្រែក។
៣. ប្រើឈុតគេងលេងខ្លួនជាថ្មី
រដូវកាលនេះ ឈុតគេងលែងសម្ងំនៅក្នុងបន្ទប់ទៀតហើយ។ អាវរលុងៗ សាច់រលាស់ អាចប្រើជាស្ទីលលេងខ្លួនសម្រាប់ចេញទៅខាងក្រៅ ជាពិសេសពាក់ចូលចុះក្នុងកម្មវិធីផងដែរ។ ភាពស៊ីវិល័យសម្រាប់ទំនោរឬ Trend មួយនេះ សុភាពនារីគ្រាន់តែបន្ថែមគ្រឿងតាក់តែងកាយដូចជា ក្រវិលម៉ូដធំៗ កាបូបយួរដៃ និង ពាក់ស្បែកជើងកែងជាការស្រេច។ បើពាក់ជាមួយខោជើងខ្លី ការប្រើស្រោមជើងវែងពណ៌ក្រមៅនឹងបន្ថែមភាពសិចស៊ីទ្វេដង។
៤. ឈុតពណ៌សលើសពីសាមញ្ញ
ពណ៌សមើលទៅសាមញ្ញ តែកាលណាយើងលេងម៉ូដ និង សាច់ក្រណាត់ប្លែកៗ វានឹងបង្កើតភាពទាក់ទាញលើសពណ៌ដទៃ។ ជាជម្រើសស្ទីលលេងខ្លួននៅរដូវនេះ យើងសូមណែនាំឈុតពណ៌សចំនួនបីម៉ូដ មួយជារ៉ូបបែបអាវយឺតភ្ជាប់សំពត់ប្រើត្រូវសម្រាប់កម្មវិធី មួយជាអាវសាច់ស្តើងតឺនុយសំពត់វែងប្រើត្រូវសម្រាប់ស្លៀកពាក់ប្រចាំថ្ងៃ និង មួយទៀត ឈុតអាវធំខោខ្លីជាស្ទីលឡូយបែបនារីការិយាល័យឬស្ត្រីដឹកនាំឬស្រ្តីជំនួញ។ បើចង់ល្បងហ្វេហ្សិនពណ៌នេះ ប្រយ័ត្ន iced latte ផងណា៎!!!
៥. អាវ Polo
ឥទ្ធិពលនៃអាវប៉ូឡូ (Polo) បានកក្រើកជាថ្មីនៅលើវិថី runway។ ងាយៗ មិត្តៗនារីអាចលេងខ្លួនឡូយឆាយ ដោយគ្រាន់តែប្រើអាវយឺតកបើកដៃខ្លី ពាក់ជាមួយខោខូវប៊យជើងធំឬខោជើងខ្លី វានឹងបង្កើតបានជាស្ទីលថ្មីទាន់សម័យនឹងគេភ្លាម។ បើប្រើអាវធំពាក់ពីលើ ពិតណាស់! មើលទៅហ្វេហ្សិនហើយហំហានតែម្តង៕