នេះជា Trend ថ្មីសម្រាប់បុរស! លេងខ្លួនឡូយ ៦ បែប ត្រូវម៉ាច់នៅរដូវកាលនេះ ស្រីៗឃើញហើយដឹងតែចាប់ចិត្ត
ពាក្យថា Trend ឬទំនោរនិយមរមែងតែជាចំណីអារម្មណ៍របស់អ្នកហ្វេហ្សិននិយម។ មកដល់រដូវកាលនេះ ម៉ាកហ្វេហ្សិនអន្តរជាតិល្បីៗបានបញ្ចេញរួចមកហើយនូវទំនោរនិយមប្រចាំរដូវកាល ជាក់ស្តែង ខូឡិកហ្សិនសម្រាប់បុរស Spring/Summer 2024 បាននាំយកនូវភាពប្លែកភ្នែកជាច្រើន ដែលអាចផ្តល់ជាគំនិតក្នុងការអភិវឌ្ឍន៍ស្ទីលលេងខ្លួនឱ្យកាន់តែឡូយឆាយ។ ចំណោមខូឡិកហ្សិនរបស់ម៉ាកប្រណីត «ប្រជាប្រិយ» សូមលើកពី Trend ស្លៀកពាក់លេចធ្លោចំនួន ៦ ដូចខាងក្រោម៖
១. ខោជើងខ្លី ចង្កេះខ្ពស់
ទំនោរខោជើងខ្លីលើកនេះ ម៉ាកចំនួន ៣ មានភាពលេចធ្លោជាងគេ ដូចជាម៉ាក Prada, Hermès និង Louis Vuitton។ ទំនោរខោមានលក្ខណៈខ្លីជាងមុន ប៉ុន្តែម៉ូដជើងហាក់ធំ ហើយចង្កេះខ្ពស់។ អ្នកច្នៃម៉ូដបានបង្កើតស្ទីលស្លៀកពាក់ជាមួយអាវសាច់ក្រណាត់ដៃវែងឬដៃខ្លី សូម្បីតែប្រើអាវធំក៏មើលទៅមិនឆ្គងសោះឡើយ។ សំខាន់តឺនុយបន្ថែមខ្សែក្រវាត់ទៀត រឹតតែមានភាពទាក់ទាញខ្ពស់។
២. ចង់ហំហានយករឹបរាង ចង់ទំនើបនិយមយក Oversized
អ្នកច្នៃម៉ូដនៅតែផ្តល់ជម្រើសសម្រាប់អ្នកនិយមស្លៀកពាក់ជាឈុតទៅកន្លែងធ្វើការ ឬអាចបន្តហួសទៅជួបជុំបង្កើតទំនាក់ទំនងសង្គមនាពេលរាត្រី។ បើស្រលាញ់មើលទៅសង្ហារាងហំអាចសាកល្បងឈុតបែបមានរាង តែបើចង់បែបបុរសដឹកនាំរសនិយមទំនើប លាយឡំហ្វេហ្សិនផងនោះ អាចជ្រើសរើសម៉ូដធំជាងខ្លួនឬហៅថា Oversized។
៣. Jumpsuit… បើមិនធ្លាប់ គួរតែសាកល្បង!
Jumpsuit ឬអៀមអាវជាប់ខោ ច្រើនតែនិយមប្រើសម្រាប់នារី។ តែយ៉ាងណាមិញ ម៉ាកចំនួន ៥ ដូចជា Burberry, Loewe, Valentino, Emporio Armani និង Givenchy បានផ្តល់ឱកាសឱ្យបុរសបានសាកល្បង ខណៈដែលអ្នកច្នៃម៉ូដប្រចាំម៉ាកបានបញ្ចេញរាងរៅស្រដៀងគ្នា តែមានភាពឡូយដាច់ដោយឡែក។ ជាពិសេសអ្នកច្នៃម៉ូដក៏បានប្រើសាច់ក្រណាត់លំដាប់ខ្ពស់ផ្សេងៗដើម្បីបង្កើនភាពប្រណីតផងដែរ។
៤. រសជាតិបែបស្រុកស្រែ តែហក់ឡើងហ្វេហ្សិនលំដាប់ខ្ពស់
នៅប្រទេសស្កុតឡែន និងអៀរឡង់ tweed គឺជាក្រណាត់មួយប្រភេទសម្រាប់កសិករស្លៀកពាក់ ជាពិសេសស្ត្រីចំណាស់។ តែយ៉ាងណាមិញ សព្វថ្ងៃវាបានក្លាយជាក្រណាត់លំដាប់ខ្ពស់ ហក់ឡើងលើវិថីដើរម៉ូដសឹងតែគ្រប់ម៉ាក។ ដូចឃើញជាក់ស្តែងម៉ាក Chanel បានប្រើប្រាស់វាបង្កើតជាខូឡិកហ្សិនស្លៀកពាក់បែបជាឈុតរាប់មិនអស់ ចំណែក ម៉ាក Amiri, Dior និង Fendi លើកនេះលេងម៉ូដពាក់ជាមួយខោឬអាវឆ្លាស់គ្នា មើលទៅស៊ីវិល័យមួយបែប។
៥. លេចធ្លោដូចតារាមួយដួង
មកដល់រដូវកាលនេះ ម៉ូដភ្លឺចែងចាំងប្រៀបបាន Disco Ball នៅតែមិនទាន់ឃ្លាតទៅណាឆ្ងាយនៅឡើយ។ នេះសបញ្ជាក់ឱ្យឃើញថា ទំនោរម៉ូដភ្លឺផ្លេកនៅតែមានប្រជាប្រិយភាពអាចលេងខ្លួនបន្តទៀតមិនជិនណាយ។ បើមិនចង់ចែងចាំងទាំងតួខ្លួន អាចលេងស្ទីលពាក់ត្រឹមតែខោឬតែអាវ នោះគ្រប់ចលនា និង ជំហាន នៅតែទទួលបានការចាប់អារម្មណ៍គ្រប់វិនាទី។
៦. ខោខ្លីក្រោមជង្គង់
ថាអីតែខោខ្លីខើច សូម្បីទំនោរខោខ្លីជើងធំប្រវែងក្រោមជង្គង់ ក៏នៅទ្រឹងមិនឱ្យដណ្តើមតំណែងបានឡើយ។ មែនទែនទៅ វាឡូយឆាយម្យ៉ាងម្នាក់ អ្នកច្នៃម៉ូដបានផ្តោតផ្តល់ភាពទាក់ទាញខុសគ្នា ដោយខោជើងខ្លីក្រោមជង្គង់ប្រើស្ទីលជាមួយអាវបិទឡេវ និងម៉ូដលាដ។ ចំណែកខោខើចខ្លីច្រើនតែពាក់តឺនុយ ហើយតឺនុយជាមួយអាវមានម៉ូដតាក់តែងច្រើនយ៉ាង៕