មហាជននិយមតាមដានរឿងរ៉ាវតារាច្បាស់ជាធ្លាប់បានជ្រាបមកហើយ នូវរឿងរ៉ាវអាស្រូវរបស់តារាប្រុសរូបសង្ហា លោក យិត មាសឧស្សាហ៍ ហៅ អេដវីន ដោយលោកធ្លាប់ជាប់ពន្ធនាគារកាលពីអំឡុងពាក់កណ្តាលឆ្នាំ ២០២២ ព្រោះតែការប្រើអំពើហិង្សាទៅកាន់អតីតមិត្តស្រី។
តែយ៉ាងណាក៏ដោយ ក្រោយភ្លៀងមេឃក៏ស្រឡះ មកដល់ពេលបច្ចុប្បន្ន លោក អេដវីន ក៏បានវិលត្រឡប់ចូលមកកាន់វិថីសិល្បៈ សាងកេរិ៍្តឈ្មោះជាថ្មីក្នុងនាមជាតារាសម្តែង ព្រមទាំងបានឡើងប្រកួតលើឆាកអន្តរជាតិ ក្នុងនាមជាកីឡាករកាយវប្បកម្មថែមទៀតផង។
យ៉ាងណាមិញ ក្រោយរឿងរ៉ាវអតីតដិតដាមជាប់ក្នុងចិត្ត ត្រូវបានរសាត់ផុតបន្តិចម្តងៗ ថ្មីៗនេះ លោក អេដវីន បានបង្ហាញវត្តមានក្នុងកម្មវិធី VTalk Confession ដោយលោកបានទម្លាយឱ្យដឹងថា លោកធ្លាប់ធ្លាក់ខ្លួនជាមនុស្សធ្លាក់ក្នុងភពងងឹតអស់រយៈពេលប្រមាណជាង ១ ឆ្នាំ ព្រោះតែការបាត់បង់គ្រប់យ៉ាង សូម្បីតែអ្នកម្តាយ។
លោក អេដវីន បានរៀបរាប់ថា លោកធ្លាប់ឆ្លងកាត់រឿងជាច្រើន វង្វេងគោលដៅ បាត់បង់ខ្លួនឯង ដោយកាលពីអំឡុងឆ្នាំ ២០២០ លោក គឺជាតារាល្បីមួយរូប តែបន្ទាប់ពីឆ្លងកាត់ព្យុះខ្មៅមួយ ដោយជឿលើមនុស្សខុស គឺមនុស្សស្រី ដែលលោកស្រឡាញ់បំផុត ជឿទុកចិត្តបំផុត តែចុងក្រោយគាត់បំផ្លាញទឹកចិត្ត បំផ្លាញការស្រឡាញ់ និង អ្វីៗគ្រប់យ៉ាង ដែលលោកមានទាំងអស់ ដោយមួយប៉ប្រិចភ្នែកធ្វើឱ្យលោកមានឈ្មោះមិនល្អ ជាបុគ្គលមួយបង្កអំពើហិង្សាក្នុងគ្រួសារ ជាប់ពន្ធនាគារ ហើយអ្វីដែលទទួលយកមិនបាន គឺលោកបាត់បង់ម្តាយជាទីស្រឡាញ់ ស្របពេលខ្លួនឯងនៅពន្ធនាគារ។
ក្នុងកម្មវិធីខាងលើ លោក អេដវីន ក៏បានសួរខ្លួនឯងថា៖ «តើចង់ត្រឡប់ក្រោយកែប្រែរឿងរ៉ាវទាំងនោះទេ?» លោកក៏ថា៖ «លោកមិនបកក្រោយទេ គឺលោកអរគុណរឿងរ៉ាវទាំងអស់នោះ ដែលធ្វើឱ្យលោកជួប ព្រោះបើលោកមិនបានជួបរឿងនោះទេ លោកក៏មិនដឹងត្រូវធ្វើអ្វីដែរ»។ កាលនោះ ក្រោយពេលចេញពីពន្ធនាគារ លោក អេដវីន ក៏បានឱ្យដឹងថា លោកបានទៅបួសប្រមាណជា ២ ទៅ ៣ ខែ ដែរ។
ដោយឡែក អ្វីដែលមានផលលំបាកសម្រាប់លោក គឺក្រោយសឹកពីបួសវិញ លោកក៏មិនដឹងត្រូវធ្វើការអ្វី រីឯមិត្តភក្តិធ្លាប់រាប់រកពីមុនក៏មិនសូវមានទំនាក់ទំនងដូចមុន ក៏ព្រោះលោកធ្លាប់ខុស រហូតលោកមានអារម្មណ៍ថាធ្លាក់ទៅៗ រហូតព្រលែងខ្លួនឯង ធ្វើបាបខ្លួនឯង ដើរលេងផឹកស៊ីធ្លាក់ខ្លួនស្គម ទុកសក់វែង ទុកពុកចង្កា រហូតជាង ១ ឆ្នាំ ទម្រាំក្រោកឈរត្រឡប់មកវិញបាន៕