មហាជនសុទ្ធសឹងតែស្គាល់ពីស្រីស្អាត ខន សូរិយា ដែលជាតារាសម្ដែងស្រីពន្លកថ្មីកំពុងមានសន្ទុះប្រជាប្រិយភាព និង ទីផ្សារខ្លាំងលើវិស័យសិល្បៈ ជាមួយសមត្ថភាព ទេពកោសល្យក្នុងវិស័យសម្ដែងរបស់នាង ដែលឃើញលេចមុខថតស្ប៉តពាណិជ្ជកម្ម សម្ដែងភាពយន្តខ្មែរជាច្រើនកន្លងមក ជាពិសេសបច្ចុប្បន្ន នាងកំពុងក្ដោបបានតំណែងជាតួឯកស្រីក្នុងភាពយន្តខ្នាតធំបន្តបន្ទាប់។
លើសពីនេះ តារាសម្ដែងស្រី ខន សូរិយា មិនត្រឹមតែមានទេពកោសល្យសម្ដែងយ៉ាងប៉ិនប្រសប់នោះទេ ថែមទាំងមានរូបសម្រស់កម្ពស់កម្ពរស្រស់ស្អាត ស្នាមញញឹមស្រស់មានមន្តស្នេហ៍ និង មានភាពក្រមិចក្រមើមគួរឱ្យស្រឡាញ់ ដែលបានឆក់យកបេះដូងមហាជនអ្នកគាំទ្រសរសើរជាច្រើន។
យ៉ាងណាមិញ ស្របពេលកំពុងក្ដោបបានទីផ្សារសិល្បៈខ្លាំង កាលពីដើមឆ្នាំ ២០២៥ កន្លងទៅ ស្រីស្អាត ខន សូរិយា បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ម្ដងរួចហើយទាក់ទងនឹងវិស័យបវរកញ្ញា ខណៈបានឃើញនាងបង្ហាញវត្តមានជាបេក្ខភាពក្នុងកម្មវិធីប្រកួតសម្រស់ Miss Cosmo Cambodia 2025 ប៉ុន្តែពេលនោះ ក៏ត្រូវបានគេដឹងថានាងបានដកខ្លួនពីការប្រកួតវិញ។
ដោយឡែក ក្រោយខកខានមិនបានឃើញប្រកួតក្នុងកម្មវិធីពេលនោះ មកដល់ថ្មីៗនេះ កញ្ញា ខន សូរិយា បានធ្វើឱ្យមហាជនអ្នកគាំទ្រជាប់អារម្មណ៍ភ្ញាក់ផ្អើលជាថ្មី ក្រោយបានទទួលដំណឹងថាតារាស្រីរូបនេះ ត្រូវបានប្រកាសជ្រើសរើសយក្លាយជាបវរកញ្ញាម្ចាស់មកុដថ្មី Miss World Cambodia 2026 និង ត្រៀមខ្លួនតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss World 2026 ខាងមុខនេះ។
តាមរយៈការប្រកាសពីស្ថាប័ន Miss World Cambodia នូវម្ចាស់មកុដថ្មីជាផ្លូវការនេះដែរ ឃើញថាកញ្ញា ខន សូរិយា កំពុងទទួលបានការចាប់អារម្មណ៍ចែករំលែកពីមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើន ដែលបានចូលរួមអបអរសាទរ និង បង្ហាញការពេញចិត្តគាំទ្រដោយមើលឃើញពីសមត្ថភាព ចំណេះដឹង និង រូបសម្រស់របស់នាង ពិតជាស័ក្តិសមនឹងតំណែងមួយនេះ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖