កាលពីវេលាយប់ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៥ មានករណីផ្ទុះការភ្ញាក់ផ្អើល ទាក់ទិនទៅនឹងរឿងរ៉ាវ ប្រពន្ធដើមតាមទាន់ប្ដីលួចការប្រពន្ធមួយទៀត ដែលដាក់ថាពិធីឡើងគេហដ្ឋាន ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ខណៈបុរសដែលជាស្ចាមី ត្រូវបានគេស្គាល់ថា ជាអភិបាលរងស្រុកជុំគិរី ខេត្តកំពត។
បន្ទាប់ពីមានការភ្ញាក់ផ្អើល និង ចែករំលែកបន្តព្រោងព្រាតទៅលើករណីនេះ នៅព្រឹកថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តកំពត បានចេញសេចក្ដីជូនដំណឹងឱ្យបានដឹងថា រដ្ឋបាលខេត្តកំពត សូមមិនគាំទ្រដាច់ខាតចំពោះករណីខាងលើនេះ ដែលមានចែងក្នុងច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។ រដ្ឋបាលខេត្ត នឹងលើកសំណើគោរពជូនទៅក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការវិន័យ ស្របតាមកំហុសឆ្គងដែលមន្ត្រីរូបនេះបានប្រព្រឹត្ត។
រដ្ឋបាលខេត្តកំពត បញ្ជាក់ដូច្នេះ បន្ទាប់ពីនាពេលថ្មីៗនេះ រដ្ឋបាលខេត្ត បានពិនិត្យឃើញមានព័ត៌មានលើបណ្តាញសង្គមជាច្រើនគណនី បានបង្ហោះឃ្លីបវីដេអូករណីបុគ្គលឈ្មោះ ហេង ងួនស៊្រុន រូបនេះ មានតួនាទីជាអភិបាលរងស្រុកជុំគិរី ខេត្តកំពត បានប្រព្រឹត្តអំពើដែលធ្វើឱ្យប៉ះពាល់ទៅលើសេចក្តីថ្លៃថ្នូរ កិត្តិយសរបស់ខ្លួន និង អង្គភាព៕