អេស្ប៉ាញ នឹងបង្កើត App ដើម្បីជួយដល់ស្ដ្រីទាំងអស់ថា ប្ដីរបស់ពួកគេបានជួយការងារផ្ទះឬអត់
ប្រទេសអេស្ប៉ាញ បានប្រកាសគម្រោងបង្កើតកម្មវិធី (App) មួយ ដែលនឹងជួយប្រាប់ដល់ភរិយាគ្រប់រូបថា ប្ដីរបស់ពួកគេបានធ្វើកិច្ចការងារផ្ទះគ្រប់គ្រាន់ឬអត់។
កម្មវិធីថ្មីនេះដែរ បង្កើតឡើងក្នុងបំណងដោះស្រាយលើអតុល្យភាពយេនឌ័រក្នុងផ្ទះ ហើយវានឹងជួយកត់ត្រាចំនួនម៉ោងដែលសមាជិកគ្រួសារបានចំណាយពេលក្នុងការធ្វើការងារផ្ទះនោះ។ លោកស្រី Ángela Rodríguez រដ្ឋមន្ត្រីផ្នែកសមភាពយេនឌ័រ និង អំពើហិង្សាក្នុងគ្រួសារ បានលើកឡើងថា នាយកដ្ឋានរបស់លោកស្រី គឺកំពុងតែដំណើរការបង្កើតកម្មវិធីទាញយកដោយឥតគិតថ្លៃមួយនេះ។
លោកស្រីរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា កម្មវិធីនេះ នឹងជួយឱ្យមនុស្សប្រុស និង ស្រី កត់ត្រាចំនួនម៉ោងដែលពួកគេបានចំណាយក្នុងការធ្វើការងារជុំវិញផ្ទះ ហើយរដ្ឋាភិបាល ក៏សង្ឃឹមថា កម្មវិធីនេះ នឹងអាចដាក់ដំណើរការនារដូវនេះផងដែរ។ តាមការចេញផ្សាយពីសារព័ត៌មាន The Times លោកស្រី Rodríguez បាននិយាយថា៖ «ពួកយើងស្រីៗ បានចំណាយពេលលើការងារផ្ទះច្រើនខ្លាំងជាងមនុស្សប្រុស»។
លោកស្រី បានបញ្ជាក់ទៀតថា មនុស្សស្រីសឹងតែពាក់កណ្ដាលដែលបានធ្វើ survey ដោយវិទ្យាស្ថានស្ថិតិជាតិនៃប្រទេសអេស្ប៉ាញ គឺនិយាយថា ពួកគេគឺធ្វើការសឹងតែទាំងស្រុងនៅក្នុងផ្ទះ។ ផ្ទុយទៅវិញ មិនដល់ ១៥ ភាគរយផងនៃមនុស្សប្រុស គឺមិនបានចូលរួមជួយកិច្ចការទាំងនោះទេ។
ដូចនេះហើយ ការបង្កើតកម្មវិធីថ្មីនេះ នឹងសង្ឃឹមថាអាចជួយសម្រួលបន្ទុកការងារក្នុងផ្ទះដែលស្ត្រីតែងតែធ្វើ ដែលមិនសូវមានអ្នកមើលឃើញកន្លងមក៕