ធ្ងន់-ក! Angela Baby អាចនឹងសងសំណងរាប់លានដុល្លារ ក្រោយមានរឿងអាស្រូវលួចទៅមើលកម្មវិធី Lisa បារាំង
បើនិយាយទៅជាង ២ ខែមកហើយ តារាសម្ដែងស្រី Angela Baby បានផ្អាកសកម្មភាពក្នុងវិស័យសិល្បៈរបស់នាងក្នុងប្រទេសចិន។
ក្រោយពីនាងមានរឿងអាស្រូវទៅក្លឹបកម្សាន្តមួយនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីទៅមើលតារាស្រី Lisa សមាជិក BLACKPINK សម្ដែងស៊ិចស៊ី រហូតដល់នាងត្រូវបានមហាជនធ្វើថ្កោលទោសមិនអនុញ្ញាតឱ្យបង្ហាញមុខក្នុងកម្មវិធីកម្សាន្តនានា និង នៅលើកញ្ចក់ទូរទស្សន៍នៅក្នុងប្រទេសចិន។
បើតាមការចុះផ្សាយរបស់ QQ បានឱ្យដឹងថា បច្ចុប្បន្ននេះប្រជាប្រិយភាពរបស់ Angela Baby បានធ្លាក់ចុះយ៉ាងខ្លាំង ដោយប៉ះពាល់ដល់ដៃគូសហការការងារជាមួយនាងយ៉ាងធ្ងន់ធ្ងរ។ ក្នុងនោះដែរ តារាស្រីរូបនេះអាចប្រឈមនឹងការសងជំងឺចិត្តទៅដៃគូការងារលើកិច្ចសន្យាផ្សាយពាណិជ្ជកម្ម និង ភាពយន្ត ដែលបានផ្អាកបណ្តោះអាសន្នប្រមាណជាង ១៣ ៨០១ ៨០០ ដុល្លារអាមេរិក។
លើសពីនេះ មុនពេលរឿងអាស្រូវរបស់តារាស្រីរូបនេះមានការរីកសុះសាយនោះ គឺមានម៉ាកយីហោល្បីចំនួន ៧ ដែលនាងបានចុះកិច្ចសន្យាផ្សាយពាណិជ្ជកម្មរយៈពេល ១ ឆ្នាំ ហើយទទួលលុយចំណូលបាន ១ ១០៤ ១០០ ដុល្លារអាមេរិក។
ហើយឥឡូវនេះ ក្រុមហ៊ុនដៃគូទាមទារឱ្យសងជាសំណងជំងឺចិត្ត ព្រោះតែរឿងអាស្រូវផ្ទាល់របស់នាង ដោយសម្រេចបញ្ចប់កិច្ចសន្យាពាក់កណ្តាលទី យកប្រាក់សំណងវិញ ៦ ៩០០ ៩៣០ ដុល្លារអាមេរិក មូលហេតុធ្វើឱ្យប៉ះពាល់ដល់មុខមាត់ម៉ាកយីហោរបស់គេខ្លាំង៕