រយៈពេលប្រមាណជិត ១ ឆ្នាំមកហើយ អ្នកគាំទ្រតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា សួន លីនដា ហាក់មិនសូវបានឃើញនាងបង្ហាញវត្តមានលើឆាកតន្ត្រី និង ក្នុងកម្មវិធីកម្សាន្តនោះឡើយ ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រនឹករឭកដល់នាងយ៉ាងខ្លាំង។

ក្នុងនោះដែរ គេបានដឹងថាកញ្ញា សួន លីនដា បានចាកចេញពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិកតាំងពីមុនចូលឆ្នាំប្រពៃណីខ្មែរ ពោលគឺតាំងពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៤ មកម្ល៉េះ។

ការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនេះដែរ តារាចម្រៀង សួន លីនដា ក៏មិនបានបញ្ជាក់ថា នាងទៅក្នុងគោលបំណងអ្វីនោះដែរ ប៉ុន្តែបើតាមសកម្មភាពក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់នាង មើលទៅកញ្ញា សួន លីនដា ហាក់មិនបានទៅបំពេញការងារនោះទេ គឺនាងទៅរស់នៅតែម្តង។

ម្យ៉ាងវិញទៀតនោះ ការរស់នៅទីនោះ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះ ក៏នៅតែបន្តអាជីពចាស់ដូចដើម ដោយនាងបានច្រៀងក្នុងកម្មវិធីនានា នៅសហរដ្ឋអាមេរិកទៀតផង។

ដោយឡែក កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកគាំទ្រ ជាពិសេសមិត្តទាំងក្នុង ក្រៅសិល្បៈជាច្រើន បានចូលរួមអបអរសាទរដល់ម្ចាស់បទ «មានសង្សារជាព្រាននារី» សួន លីនដា ជាបន្តបន្ទាប់ ក្រោយពីនាងបានបង្ហោះរូបភាពក្នុងថ្ងៃរៀបការ ជាមួយនឹងស្វាមីនៅសហរដ្ឋអាមេរិក។ ក្នុងនោះ អ្នកគាំទ្រក៏បានជូនពរដល់គូស្វាមីភរិយាថ្មីឱ្យជួបតែសុភមង្គល និង ឆាប់មានដំណឹងល្អថែមទៀតផង៕




