![កក់ក្តៅណាស់! ចេញទៅសម្តែងនៅអាមេរិក វណ្ណដា មានប៉ាម៉ាក់ និង មិត្តស្រីជូនដំណើរសឹងដល់ជើងជណ្ដើរយន្តហោះ](https://www.popular.com.kh/wp-content/uploads/2024/06/Da-2.jpg)
កក់ក្តៅណាស់! ចេញទៅសម្តែងនៅអាមេរិក វណ្ណដា មានប៉ាម៉ាក់ និង មិត្តស្រីជូនដំណើរសឹងដល់ជើងជណ្ដើរយន្តហោះ
កាលពីចុងឆ្នាំ ២០២៣ កន្លងទៅ អ្នកគាំទ្រតារាចម្រៀងប្រចាំផលិតកម្មបារមី ៣ រូប គឺតារាចម្រៀងរ៉េប វណ្ណដា លោក វណ្ណថាន និង កញ្ញា Sophia មានក្តីរំភើប និង មានមោទកភាពបំផុតសម្រាប់តារាចម្រៀងទាំង ៣ រូបនេះ បន្ទាប់ពីពួកគេបានប្រកាសថានឹងត្រៀមខ្លួនបង្ហាញវត្តមានលើឆាកតន្ត្រីនៅឯសហរដ្ឋអាមេរិក។
ពិតណាស់ សិល្បករសិល្បការិនី ៣ ដួង ប្រចាំផលិតកម្មបារមី ដែលមានកំពូលតារាចម្រៀងរ៉េប វណ្ណដា តន្រ្តីករឧបករណ៍តន្រ្តីខ្មែរដ៏ចំណានលោក វណ្ណថាន និង តារាចម្រៀងស្រី Sophia Kao នៅថ្ងៃទី ១៤ រហូតដល់ទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ ពួកគេនឹងក្លាយជាសិល្បករតំណាងឱ្យប្រទេសកម្ពុជា ចូលរួមសម្តែងនៅកម្មវិធីមហោស្រពប្រគំតន្រ្ដី Sabaidee Fest នៅឯទីក្រុង Chino ភាគខាងត្បូង នៃរដ្ឋ California សហរដ្ឋអាមេរិក។
យ៉ាងណាមិញ ក្រោយពីអ្នកគាំទ្រនៅសហរដ្ឋអាមេរិកទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែ កាលពីយប់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅនេះ លោក វណ្ណដា និង លោក វណ្ណថាន បានចាកចេញពីប្រទេសកម្ពុជា ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកហើយ។ ក្នុងនោះការធ្វើដំណើរនោះដែរ អ្នកគាំទ្រក៏បានចូលរួមជូនពរដល់តារាចម្រៀងខាងលើឱ្យទទួលបានជោគជ័យទៀតផង។
ដោយឡែក ងាកមកកាន់តារាចម្រៀងរ៉េប វណ្ណដា ឯនោះវិញ ក្នុងថ្ងៃធ្វើដំណើរចាកចេញពីប្រទេសកម្ពុជានៅឯព្រលានយន្តហោះកាលពីយប់មិញ អ្នកគាំទ្របានចាប់អារម្មណ៍ថា តារាចម្រៀងរ៉េបរូបនេះហាក់ទទួលបានភាពកក់ក្តៅ និង ក្តីសុខយ៉ាងខ្លាំង ក៏ព្រោះតែលោកមានប៉ាម៉ាក់ និង មិត្តស្រី គឺកញ្ញា Lauryn បានជូនដំណើរលោកទៅដល់ខាងក្នុងមុខខ្លោងទ្វារយន្តហោះតែម្តង៕