ថ្វីដៃល្អមិនសរសើរមិនបាន! ឈុតម៉ូដសុទ្ធតែលំដាប់ៗ ស្លៀកសុទ្ធតែតារាល្បី តាមពិតជាស្នាដៃយុវតីវ័យ ២៤ ឆ្នាំ រូបនេះសោះ!
ការច្នៃឈុតសម្លៀកបំពាក់ឱ្យតារាល្បីៗ មិនមែនធ្វើលំៗឱ្យតែបាននោះទេ ពោលគឺតារាសិល្បៈបច្ចុប្បន្នសុទ្ធតែចង់បាននូវអ្វីដែលថ្មីហើយប្លែក ព្រមនឹងភាពល្អឯកគ្មានពីរដើម្បីជាចំណីអារម្មណ៍ថ្មីសម្រាប់អ្នកគាំទ្រ។ អ្នកដែលច្នៃម៉ូដសម្លៀកបំពាក់ត្រូវចិត្តតារា ភាគច្រើនជាបុគ្គលមានគំនិតច្នៃប្រតិដ្ឋខ្ពស់ តាមទាន់ Trend និង យល់ពីអ្វីដែលសង្គមសិល្បៈចង់បាន ជាក់ស្តែង ដូចជាអ្នកច្នៃម៉ូដមួយរូបដែលត្រូវបានគេស្គាល់ឈ្មោះថា Amaris Desi ថ្វីបើនាងវ័យក្មេង ប៉ុន្តែស្នាដៃរបស់នាងត្រូវបានអ្នកក្នុងចង្កោមសិល្បៈទទួលស្គាល់ ជាពិសេសតារាល្បីៗទុកចិត្តឱ្យច្នៃឈុតសម្រាប់ស្លៀកបង្ហាញខ្លួនក្នុងកម្មវិធីធំៗ ទាំងកម្មវិធីជាតិ និង អន្តរជាតិ។
យុវតី Amaris Desi ឬ ច្រើនតែហៅថា Desi នាងមានឈ្មោះពិត សេង សុវណ្ណរចនា។ សព្វថ្ងៃនាងគឺជាអ្នកច្នៃម៉ូដ និង ជាអ្នកគ្រប់គ្រងទូទៅនៅហាងច្នៃម៉ូដសម្លៀកបំពាក់ល្បីឈ្មោះមួយកន្លែងគឺ Iris Cambodia។ ប្រឡូកអាជីពច្នៃម៉ូដប្រមាណជាង ៤ ឆ្នាំ កន្លងមកនាងធ្លាប់ច្នៃឈុតឱ្យតារាល្បីៗដូចជា តារាចម្រៀង កេសរ, កញ្ញា ហង្ស ម៉ានីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២២, កញ្ញា ងិន ម៉ារ៉ាឌី បវរកញ្ញាចក្រវាលឆ្នាំ ២០២១ និង ព្រះនាងតូច ជេនណា…ជាដើម។ នេះមិនរាប់បញ្ចូលតារាម៉ូឌែល តារាសម្តែងល្បីច្រើនរូបទៀត រួមទាំងអ្នកមានមុខមាត់នៅក្នុងសង្គមផងដែរ។
តាមរយៈឈុតធំៗ ច្នៃម៉ូដប្លែកៗ ខ្លះមានបញ្ចូលអត្តសញ្ញាណខ្មែរ ឯខ្លះទៀតវែងអូសដីរាប់ម៉ែត្រ គ្រប់គ្នាអាចនឹងគិតថាអ្នកច្នៃម៉ូដវ័យ ២៤ ឆ្នាំ Desi ប្រហែលមានចំណេះដឹងដែលត្រូវបានបណ្តុះបណ្តាលពីបរទេស តែតាមពិតទៅនាងសិក្សាត្រឹមសាលាក្នុងស្រុក និង ជាសិស្សអាហារូបករណ៍ប៉ុណ្ណោះ។
បើនិយាយអំពីប្រវត្តិរបស់ Desi នាងមាននិស្ស័យលើការច្នៃម៉ូដតាំងពីពេលរៀនថ្នាក់ទី ៤ ដោយផ្តើមពីចំណូលចិត្តលើការគូររូបមនុស្សស្រីស្លៀកពាក់ប្លែកៗ។ ក្រោយបញ្ចប់ថ្នាក់បាក់ឌុបនៅឆ្នាំ ២០១៧ យុវតីមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំរូបនេះ បានជាប់អាហារូបករណ៍សិក្សាផ្នែកច្នៃម៉ូដនៅសាលា MaPa Fashion និង បន្ទាប់មកបានជាប់អាហារូបករណ៍នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល MEDC ក្នុងឆ្នាំ ២០១៩។ ក្នុងឆ្នាំ ២០១៩ នេះដែរ Desi បានឈ្នះជ័យលាភីលេខ ១ ក្នុងការប្រកួតច្នៃម៉ូដសម្លៀកបំពាក់ពីសំរាមនៅក្នុងកម្មវិធីសង្ក្រាន្តដែលធ្វើឡើងនៅទីក្រុងភ្នំពេញ ព្រមទាំងបានជាប់ក្នុងការប្រកួតជ្រើសរើសអ្នកច្នៃម៉ូដ ៥ នាក់ ដើម្បីយកខូឡិកហ្សិនទៅដាក់លក់នៅឯទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង។
កន្លងមកថ្វីដៃច្នៃម៉ូដរបស់ Desi ទទួលបានការចាប់អារម្មណ៍ពីបណ្តាក្រុមហ៊ុនម៉ាកសម្លៀកបំពាក់ក្នុងស្រុក ពិសេសពីសំណាក់នារីចូលចិត្តលេងខ្លួនបែបសិចស៊ីឡូយឆាយ និង គួរឲ្យស្រឡាញ់ នេះក៏ព្រោះការច្នៃម៉ូដរបស់នាងមានទំនោរទៅលើ ៣ យ៉ាងរួមគ្នាគឺ អេឡេហ្គិន Cute លាយឡំភាពសិចស៊ី។
ថ្មីៗនេះ នាងបានខ្សឹបប្រាប់ «ប្រជាប្រិយ» ដែរថា នាងបានកំពុងច្នៃម៉ូដសម្លៀកបំពាក់ឱ្យតារាសម្តែង មាន សូនីតា ដែលនឹងត្រៀមស្លៀកសម្រាប់ចូលរួមកម្មវិធីលំដាប់អន្តរជាតិដ៏ធំមួយនៅឯក្រៅប្រទេស៕