ភ្ជាប់ពាក្យជាង ១ ខែ ថន ដារ៉ា បងស្រី ថន លក្ខិណា ត្រៀមធៀបការដើរអញ្ជើញភ្ញៀវបាត់
ភ្ជាប់ពាក្យរួចជាង ១ ខែ ថន ដារ៉ា និង គូដណ្ដឹង មិនអូសបន្លាយពេលវេលានាំតែយប់យន្តសុបិនយូរច្រើនទេ ពេលនេះអ្នកទាំងពីរបានត្រៀមខ្លួនក្លាយជាស្វាមីភរិយានឹងគ្នា ដោយរៀបចំពិធីមង្គលការតាមប្រពៃណីខ្មែរក្នុងពេលឆាប់ៗខាងមុខនេះ។
អនាគតគូស្វាមីភរិយាដ៏ស័ក្ដិសមមួយគូនេះ បានប្រារព្ធពិធីភ្ជាប់ពាក្យធំដុំមួយ ដោយមានចាស់ទុំ ញាតិមិត្តដឹងឮ កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ ហើយមកដល់ពេលនេះ អ្នកនាង ថន ដារ៉ា និង ឯកឧត្តម សុវណ្ណរតនា ក៏មិនទុកពេលវេលាឱ្យកន្លងហួសទៅយូរពេកដែរ ដោយឯកឧត្តម និង គូដណ្ដឹង បានជ្រើសរើសពេលាល្អសម្រាប់រៀបចំពិធីមង្គលរួចរាល់ហើយ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ បើតាមការឱ្យដឹងពីអ្នកនាង ថន ដារ៉ា ផ្ទាល់ បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបានបង្ហាញពីសកម្មភាពរបស់អ្នកទាំងពីរ កំពុងជ្រើសរើសធៀបមង្គលការ ដើម្បីត្រៀមអញ្ជើញភ្ញៀវកិត្តិយសចូលរួមថ្ងៃពិសេសរបស់អ្នកទាំងពីរក្នុងពេលខាងមុខផងដែរ ដោយក្នុងនោះអ្នកនាង បានបង្ហើបយ៉ាងខ្លីទាំងអារម្មណ៍រំភើបថា ៖ «ពេលវេលាកាន់តែកៀកហើយ ត្រូវតែប្រញាប់»។
ដ្បិតថាជាស្នេហាបែបវ័យចំណាស់ ប៉ុន្ដែចាប់តាំងពីភ្ជាប់ពាក្យភ្ជាប់សម្ដីក្លាយជាគូដណ្ដឹងនឹងគ្នាមក អ្នកនាង ថន ដារ៉ា និង អនាគតស្វាមី តែងបង្ហាញសកម្មភាពផ្អែមល្ហែម បណ្ដើរគ្នាទៅណាមកណាយ៉ាងត្រសង ស្រឡាញ់យល់ចិត្តគ្នាខ្លាំង មិនចាញ់ស្នេហាយុវវ័យនោះទេ៕