គួរឱ្យសរសើរ! តាមរយៈស្នាដៃដំឡើងឈុតអប្សរា បុគ្គល ២ រូបនេះ អាចនាំយើងស្រមៃទៅកាន់ពិភពមួយកាលពីសម័យអង្គរបាន
បច្ចុប្បន្ន ឈុតសម្លៀកបំពាក់បុរាណខ្មែរបានកំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង នេះក៏ព្រោះតែកូនខ្មែរស្នេហាកេរដំណែល បាននាំគ្នាដុតដៃដុតជើងបង្ហាញសមិទ្ធផលជាបន្តបន្ទាប់តាមរយៈរូបភាពផ្សេងៗ។ ជាការពិតណាស់ សម្លៀកបំពាក់បុរាណខ្មែរពិតជាស្រស់ស្អាត និង ប្រណីតខ្លាំង ឯការដំឡើងចេញជារូបរាងវិញ វាក៏មិនមែនជារឿងងាយស្រួលប៉ុន្មានឡើយ។ អាចនិយាយថា អ្នកដែលអាចដំឡើងឈុតបានប្រណីតឥតខ្ចោះ ទាល់តែបុគ្គលនោះជាអ្នកស្រឡាញ់ និង ចង់ធ្វើវាយ៉ាងពិតប្រាកដ។ តួយ៉ាង ក្នុងចំណោមនោះ «ប្រជាប្រិយ» សូមបង្ហាញនូវអ្នកច្នៃ និង ដំឡើងឈុតបុរាណពីររូប ដែលពួកគេសុទ្ធតែជាអ្នកមានស្នាដៃលេចធ្លោ និង ធ្វើឡើងក្នុងឆន្ទៈច្បាស់លាស់។
១. លោក គួន មាឃ
លោក គួន មាឃ ត្រូវបានគេស្គាល់ថា ជាអ្នកចម្លាក់ គូររូប និង គូរម៉ូដសម្លៀកបំពាក់ ហើយរូបលោកក៏បានប្រើប្រាស់ទេពកោសល្យទាំងប៉ុន្មានអភិវឌ្ឍន៍ទៅជាអ្នកកែច្នៃ និង ដំឡើងឈុតបុរាណផងដែរ។ ថ្វីបើបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងសណ្ឋាគារ និង ទេសចរណ៍ តែជាមួយទេពកោសល្យ កន្លងមកលោកបានបង្កើតស្នាដៃជាមួយឈុតលេចធ្លោជាច្រើន។ ឈុតនីមួយៗរបស់លោកសុទ្ធសឹងតែមានការដកស្រង់ពីប្រភពច្បាស់លាស់ ដំឡើងទៅតាមក្បួនខ្នាត ដែលសំខាន់មើលទៅមានលក្ខណៈដូចពីសម័យដើមពិតៗ។ តាមរយៈស្នាដៃជាច្រើន លោកធ្លាប់បានចូលរួមបញ្ចេញស្នាដៃដំឡើងឈុតនៅក្នុងការថតរូប ការថតខ្សែភាពយន្តបុរាណ ជាពិសេសលោកក៏ធ្លាប់ច្នៃឈុតតំណាងជាតិឱ្យបវរកញ្ញាកម្ពុជាឡើងបង្ហាញខ្លួននៅលើឆាកអន្តរជាតិផងដែរ។
២. លោក Sool Cool
លោក Sool Cool ត្រូវបានគេស្គាល់ថាជាតារាសម្តែង តារាបង្ហាញម៉ូដ និង ជាអ្នកថតរូបមានស្នាដៃលេចធ្លោមួយរូបនៅកម្ពុជា។ មួយរយៈចុងក្រោយ ពោលចាប់តាំងពីឆ្នាំ ២០១៨ មក ឃើញថារូបលោកហាក់មានទំនោរទៅលើសិល្បៈវប្បធម៌បុរាណខ្មែរ ដោយលោកបានបង្កើតស្នាដៃថតរូប និង ដំឡើងសម្លៀកបំពាក់បុរាណ មានទាំងឈុតបែបប្រពៃណី ឈុតទៅតាមសម័យកាល និង ឈុតតួអង្គសំខាន់ផ្សេងៗ។ ក្រៅពីការថតរូបបង្ហាញ កន្លងមកលោកក៏ធ្លាប់ដំឡើងឈុតសម្រាប់ការថតភាពយន្តបុរាណផងដែរ។ ឈុតច្នៃឡើងមានលក្ខណៈប្រណីតសឹងថាដូចលើជញ្ជាំងប្រាសាទពិតៗ លោក Sool Cool បានធ្វើឡើងដោយផ្អែកតាមការសិក្សាស្រាវជ្រាវច្បាស់លាស់អំពីប្រវត្តិសាស្ត្រ និង ចម្លាក់ៗនានានៅតាមប្រាសាទ។ តាមរយៈសម្លៀកពាក់បុរាណច្រើនទម្រង់ ឃើញថាលោកយកចិត្តទុកដាក់ខ្លាំងរាប់តាំងពី ការរៀបចំម៉ូដសក់ សម្លៀកបំពាក់ ការប្រើក្រណាត់ គ្រឿងអលង្ការ រហូតដល់គ្រឿងបង្គុំផងដែរ៕