Kim Soo Hyun ជាតារារកចំណូលបានខ្ពស់ជាងគេក្នុងប្រទេស តែជីវិតគ្រួសារបែរជាគ្មានក្តីសុខ ព្រោះមានរឿងល្អក់កករជាមួយឪពុកបង្កើត
ជាតារាសម្តែងដ៏ជោគជ័យមួយរូបនៅក្នុងវិស័យសិល្បៈកូរ៉េ តែសម្រាប់រឿងគ្រួសារវិញ កំលោះ Kim Soo Hyun មិនបានធំធាត់ដោយក្តីស្រឡាញ់ពីឪពុកនោះទេ គឺលោកត្រូវបានឪពុកចុះចោលតាំងពីនៅតូច មានតែអ្នកម្តាយតែម្នាក់ប៉ុណ្ណោះដែលចិញ្ចឹមថែរក្សា។
តាមព័ត៌មានបានឱ្យដឹងថា ឪពុកបង្កើតរបស់ Kim Soo Hyun គឺជាអ្នកចម្រៀងជើងចាស់ម្នាក់ឈ្មោះ Kim Chung Hoon នៅក្នុងក្រុមចម្រៀងមួយ។ ក្នុងនោះ Kim Chung Hoon បានលែងលះជាមួយនឹងម្តាយរបស់ Kim Soo Hyun តាំងពីលោកនៅតូចមកម្ល៉េះ ហើយក៏មិនសូវរខ្វល់ខ្វាយរក្សាទំនាក់ទំនងជាមួយនឹងកូនប្រុសប៉ុន្មាននោះទេ រហូតដល់កូនបានល្បីនៅក្នុងវិស័យសិល្បៈ ទើបងាកមកទាក់ទងជាមួយវិញ ប៉ុន្តែទំនាក់ទំនងមិនបានជ្រៀលជ្រៅសិទ្ធស្នាលឡើយ។
ក្នុងនោះ Kim Chung Hoon តែងតែព្យាយាមលើកឈ្មោះកូនប្រុសមកនិយាយ ហាក់ដូចជាចង់ឱ្យមហាជនស្គាល់ខ្លួនកាន់តែច្រើន តែសម្រាប់ Kim Soo Hyun កម្រនឹងនិយាយពីឪពុកណាស់ ដែលបញ្ជាក់ឱ្យឃើញថា ទំនាក់ទំនងលោកជាមួយនឹងឪពុករូបនេះ មិនសូវជារលូនប៉ុន្មានឡើយ។ ជាក់ស្តែង កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ Kim Chung Hoon ជាឪពុកក៏បានដឹកដៃប្រពន្ធថ្មីចូលរោងការផងដែរ ប៉ុន្តែ Kim Soo Hyun មិនបានបង្ហាញវត្តមាននៅក្នុងមង្គលការរបស់ឪពុកនោះទេ។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តជាមួយនឹងការសម្រេចចិត្តនេះ ព្រោះគេគិតថាបើសិនជាមិនបានបំពេញតួនាទីជាឪពុកឱ្យបានត្រឹមត្រូវ មិនគួរណាមកទាមទារអ្វីពីកូននោះឡើយ៕