ជ្រូកព្រៃ ផុស Caption យ៉ាងមុតទៅកាន់បវរកញ្ញាថៃ ដែលមកថតរូបនៅអង្គរវត្ត តែបែរជាផុសអបអរសង្ក្រាន្តថៃ
បវរកញ្ញា Miss Grand Buriram 2024 ដែលមានឈ្មោះថា Amy Viranya Berry ដោយកាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ បវរកញ្ញា Amy Viranya រូបនេះ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ជាពិសេសបានធ្វើដំណើរទៅកាន់ខេត្តសៀមរាប និង បានថតរូបបង្ហោះនៅលើទឹកដីអង្គរ តែបែរជាផុសអបអរសង្ក្រាន្តថៃទៅវិញដែលទង្វើនេះ ធ្វើឱ្យប្រជាជនកម្ពុជា មិនពេញចិត្តជាខ្លាំង។
ជាការពិតណាស់ ប្រជាជនខ្មែរមានការមិនពេញចិត្តក៏ដូចជាបញ្ចេញមតិជាច្រើនទៅកាន់បវរកញ្ញារូបនេះ ចំពោះទង្វើមួយនេះដែលមិនគប្បីជាខ្លាំង ក្នុងនោះដែរក៏មានអ្នកសិល្បៈ និង អ្នកដែលមានឥទ្ធិពលនៅក្នុងបណ្ដាយសង្គមអ៊ីនធឺណេតមួយចំនួន បានបង្ហាញការមិនពេញចិត្តដូចគ្នា។
ងាកទៅកញ្ញា ជ្រូកព្រៃ ដែលគ្រប់គ្នាស្គាល់ថា ជាអ្នកមានឈ្មោះល្បីមួយរូបនៅក្នុងបណ្ដាយសង្គមអ៊ីនធឺណេត ក៏បានបញ្ចេញមតិចំពោះរឿងមួយនេះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ហើយក៏ទទួលបានការគាំទ្រពីមហាជនយ៉ាងពេញទំហឹង ដែល ជ្រូកព្រៃ បានរៀបរាប់ថា៖ «សុំអរគុណទៅដល់បវរកញ្ញាថៃដែលបានគាំទ្រសម្លៀកបំពាក់បុរាណខ្មែរ ហើយក៏អរគុណមែនទែនដែលបានថតផ្សព្វផ្សាយអង្គវត្ត ដល់សែនស្អាតឱ្យពិភពលោកបានឃើញថា កម្ពុជាមានអង្គរវត្តដ៏សែនស្អាតហើយអស្ចារ្យ បវរកញ្ញាថៃគាត់ចង់មកមើលផ្ទាល់ថាស្អាតយ៉ាងណា ទោះ Caption មិនសូវជាត្រង់នឹងរូបភាពក៏ដោយ តែពួកខ្ញុំគ្មានចិត្តអគតិនឹងបវរកញ្ញាទេ»៕