ផ្អើលអ្នកគាំទ្រ! តារាចម្រៀងកូរ៉េ នាង Park Bo Ram បានបាត់បង់ជីវិតទាំងស្មានមិនដល់ ក្នុងវ័យ ៣០ ឆ្នាំ
នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៤ នេះ សារព័ត៌មានរបស់កូរ៉េ បានឱ្យដឹងថាតារាចម្រៀងស្រី Park Bo Ram បានបាត់បង់ជីវិតទៅហើយ នៅក្នុងវ័យ ៣០ ឆ្នាំ។
តាមព័ត៌មានបានឱ្យដឹងថា កាលពីយប់ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ នាងបានទៅជប់លៀងជួបជុំនៅផ្ទះរបស់មិត្តភក្តិម្នាក់។ ពេលកំពុងតែជួបជុំនោះ នាងក៏បានចេញទៅបន្ទប់ទឹកនៅម៉ោងប្រហែល ៩ និង ៥៥ នាទីយប់ ហើយក៏មិនឃើញត្រឡប់មកវិញសោះ។ មិត្តម្នាក់ក៏បានចេញទៅតាមនាង ស្រាប់តែឃើញនាងបានសន្លប់បាត់មាត់បាត់កនៅក្នុងបន្ទប់ទឹក រួចគេក៏បានប្រញាប់ខលហៅឡានសង្រ្គោះភ្លាម។ ឡានសង្រ្គោះក៏បានបញ្ជូននាងទៅដល់មន្ទីរពេទ្យ Hanyang តែជាអកុសល ខាងពេទ្យបានឱ្យដឹងថានាងបានបាត់បង់ជីវិតទៅហើយ នៅម៉ោងប្រមាណ ១១ និង ១៧ នាទីយប់។
យ៉ាងណាមិញ ប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតទៅទៀតទៅលើករណីរបស់នាងផងដែរ។ ចំណែកមហាជនអ្នកគាំទ្រវិញ ពិតជាស្លុតចិត្តជាមួយនឹងដំណឹងនេះណាស់ ព្រោះការចាកចេញរបស់នាងពិតជាលឿនពិបាកនឹងទទួលយកតែម្តង៕