មិនធម្មតា! ក្រោយចេញ Album ចម្រៀងចុងក្រោយ KWAN កាន់តែបំបុកទីផ្សារ
មហាជននិយមតាមដានស្តាប់ចម្រៀងសម័យថ្មីនាពេលបច្ចុប្បន្ន ច្បាស់ជាបានស្គាល់មកហើយលោក KWAN ម្ចាស់បទ «នឹក» ដែលត្រូវបានអ្នកគាំទ្រសរសើរខ្លាំងពីទឹកដមសំឡេងរបស់លោកពីរោះរណ្ដំចិត្តគ្មាន ២ នោះទេ។
យ៉ាងណា កាលពីដើមឆ្នាំ ២០២៤ កន្លងទៅ តារាចម្រៀងមានស្រុកកំណើតមកពីខេត្តបន្ទាយមានជ័យរូបនេះ ក៏បានបញ្ចេញ Album ចម្រៀងរបស់ខ្លួនមានឈ្មោះថា «SONMALAI» ដែលសម្រិតសម្រាំងសុទ្ធតែបទខ្លឹមៗ និង ទទួលបានប្រជាប្រិយភាពសឹងគ្រប់បទ។ ជាពិសេសនោះ ក៏មានបទចម្រៀងមួយបទមានចំណងជើងថា «មេឃបើកថ្ងៃ» ក៏បានច្រៀងរួមគ្នានឹងតារាចម្រៀងរ៉េប វណ្ណដា ទៀតផង។
ដោយឡែក ក្រោយបង្ហាញនូវរសជាតិថ្មីក្នុង Album ចម្រៀងខាងលើនេះហើយ លោក KWAN កាន់តែបំបុកទីផ្សារខ្លាំងឡើង ដោយតារាចម្រៀងសំឡេងពូកែថ្នមរូបនេះ បានបង្ហាញវត្តមានតាមកម្មវិធីប្រគំតន្ត្រីជាបន្តបន្ទាប់។ លើសពីនោះ មួយរយៈក្រោយនេះតារាចម្រៀងប្រចាំផលិតកម្ម Slap House រូបនេះ បានបង្ហាញខ្លួនលើឆាកតន្ត្រីធំៗប្រចាំបណ្តាក្រុមហ៊ុនជាច្រើនទៀតផង៕