ទម្លាយបច្ចុប្បន្នភាពធីតាឯកសង្ក្រាន្ត តំណាងតួអង្គទេវតាទាំង ៦ រូប ម្នាក់ៗស្រស់ស្អាតថ្លៃថ្នូរសមជានារីខ្មែរ
ជឿជាក់ថាមហាជនប្រាកដជាចាំបាននូវម្ចាស់ជ័យលាភីធីតាឯកសង្ក្រាន្តប្រចាំរដូវកាលនីមួយៗ ដែលជាធីតាឯកសម្តែងជាតួអង្គទេវតាឆ្នាំថ្មីសម្រាប់ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ពិតណាស់ ចំពោះតួអង្គតំណាងទេវតាឆ្នាំថ្មីជារៀងរាល់ឆ្នាំ តែងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនជាមួយរូបសម្រស់ ក៏ដូចជាសមត្ថភាព ចំណេះដឹង ទេពកោសល្យផ្សេងៗរបស់ពួកគេ។
យ៉ាងណាមិញ មកដល់ពេលនេះ បើចាប់អារម្មណ៍ពីធីតាឯកសង្ក្រាន្ត ៥ ជំនាន់ ក្រោយពីគ្រងមកុដ និង ទទួលបានការចាប់អារម្មណ៍អំឡុងពេលតែងតួជាទេធធីតានោះ បច្ចុប្បន្នកំពុងតែសាងប្រជាប្រិយភាពរៀងៗខ្លួនក្នុងវិស័យសិល្បៈផ្សេងៗផងដែរ។
១. សុគា គឹមលាង
កញ្ញា សុគា គឹមលាង ជាធីតាសង្ក្រាន្តកាលពីឆ្នាំ ២០១៨ ដែលបានធ្វើឱ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញសម្រស់ស្រស់ស្អាតបែបធម្មជាតិរបស់នាងក្នុងនាមតួអង្គតំណាងឱ្យទេពធីតាព្រះនាម មហោធរៈទេវី។ ជាមួយនឹងភាពល្បីល្បាញផ្នែកសម្រស់នេះ ក៏បានត្រួសត្រាយនាដការីបាំមួយនេះ លេចមុខនៅក្នុងសិល្បៈបែបសម័យ មានដូចជាការថតស្ប៉តពាណិជ្ជកម្មនានា ជាពិសេសសម្អាងការជាច្រើនមកដល់បច្ចុប្បន្ន។
២. ប៊ុន្លឿម ពេជម្នី
កញ្ញា ប៊ុន្លឿម ពេជម្នី ជាធីតាឯកសង្រ្កាន្តរដូវកាលទី ១ ឆ្នាំ ២០២០ ដែលជាតួអង្គតំណាងឱ្យទេពធីតា ឆ្នាំមមែ ព្រះនាម រាក្យសាទេវី។ មិនត្រឹមតែមានរូបសម្ផស្សស្រស់ស្អាតទាក់ទាញទេ ធីតាឯករូបនេះក៏មានសមត្ថភាព និង ទេពកោសល្យជាច្រើនក្នុងវិស័យសិល្បៈជាច្រើន ដែលទទួលបានការសរសើរខ្លាំងជាមួយសមត្ថភាពរបស់នាង ទាំងការដើរបង្ហាញម៉ូដ សម្ដែង និង ចេះរាំយ៉ាងទាក់ទាញទៀតផង។ បើក្រឡេកមើលអាជីពរបស់ ប៊ុន្លឿម ពេជម្នី ក្នុងពេលបច្ចុប្បន្ននេះ រូបនាងកាន់តែហក់ចូលក្នុងវិស័យសិល្បៈយ៉ាងពេញទំហឹង និង ក្លាយជាតារាស្រីមួយរូបពេញដោយទេពកោសល្យ ព្រមទាំងរូបសម្រស់ក៏កាន់តែទាក់យកបេះដូងរបស់អ្នកគាំទ្រខ្លាំងឡើង តាមរយៈការបញ្ចេញរូបភាពស្ទីលប្លែកៗយ៉ាងគួរឱ្យស្រឡាញ់លើបណ្ដាញសង្គមរបស់នាង។
៣. សាន្ត កុសុមៈ
កញ្ញា សាន្ត កុសុមៈ ជាធីតាឯកសង្រ្កាន្ត ឆ្នាំ ២០២១ ដែលជាតួអង្គតំណាងឱ្យទេវធីតា ឆ្នាំឆ្លូវ ព្រះនាម មណ្ឌាទេវី។ ធីតាឯកសង្រ្កាន្តរូបនេះ មិនត្រឹមតែមានរូបសម្ផស្សស្រស់ស្អាតទាក់ទាញទេ យុវតីយវ័យ ២៤ ឆ្នាំរូបនេះ ក៏មានសមត្ថភាព និង ទេពកោសល្យជាច្រើនក្នុងវិស័យសិល្បៈ ព្រមទាំងរូបនាងទទួលបានការសរសើរខ្លាំង ក្រោយបានដឹងថានាងមានសមត្ថភាពអាចនិយាយបានរហូតទៅដល់ ៤ ភាសាបានយ៉ាងល្អ។ អ្វីដែលគួរឱ្យកត់សម្គាល់ បើក្រឡេកមើលអាជីពរបស់ សាន្ត កុសុមៈ ក្នុងពេលបច្ចុប្បន្ននេះ រូបនាងកាន់តែហក់ចូលក្នុងវិស័យសិល្បៈយ៉ាងពេញទំហឹង និង ក្លាយជាតារាស្រីមួយរូបពោរពេញដោយទេពកោសល្យ ដែលឃើញលេចមុខសម្ដែងជាតួឯកស្រីក្នុងខ្សែភាពយន្តខ្មែរតូចធំល្បីៗជាច្រើន ថែមទាំងសព្វថ្ងៃមានសន្ទុះទីផ្សារខ្លាំងមួយមុខទៀត គឺក្លាយជាអ្នកតំណាងឱ្យផលិតផលក្នុងស្រុកល្បីៗមួយចំនួនផងដែរ។
៤. ហេង រិនសុម៉ាលីតា
កញ្ញា ហេង រិនសុម៉ាលីតា ជាម្ចាស់ជ័យលាភីធីតាឯកសង្ក្រាន្ត រដូវកាលទី ៣ ដែលកញ្ញាក៏បានក្លាយជាតំណាងតួអង្គទេវតាឆ្នាំថ្មី បុត្រីទី ៥ នៃកបិលមហាព្រហ្ម គឺព្រះនាងកិរិណីទេវី។ ចាប់តាំងពី ម៉ាលីតា បានក្លាយជាធីតាឯកសង្ក្រាន្តមក គេសង្កេតឃើញកញ្ញាទទួលបានការងារក្នុងសិល្បៈជាច្រើន ដូចជា ការដើរម៉ូដ ច្រៀង ថតប្រូម៉ូតផលិតផល និង សម្ដែង ជាដើម។ ក្រៅពីអាជីពសិល្បៈ នាងក៏បម្រើការងារជានារីអាកាសចរណ៍ដ៏មានប្រជាប្រិយភាពមួយរូប។ ប្រឡូកការងារសិល្បៈពេញទីទើបបានមួយរយៈ ថ្មីៗកន្លងទៅនេះ ឃើញថានាងបានត្រឡប់ទៅកាន់អាជីពដើមរបស់ខ្លួនវិញ ជានារីអាកាសចរណ៍ដែលនាងធ្លាប់ធ្វើតាំងតែពីរៀននៅសាកលវិទ្យាល័យឆ្នាំទី ១ ម្ល៉េះ។
៥. អ៊ិន ម៉ូលីកា
កញ្ញា អ៊ិន ម៉ូលីកា គឺជាបវរកញ្ញាគ្រងមកុដ ធីតាឯកសង្ក្រាន្តរដូវកាលទី ៤ ក្នុងឆ្នាំ ២០២៣ កន្លងទៅ ដែលបានតំណាងឲ្យទេវធីតាឆ្នាំថ្មី ឆ្នាំថោះ។ បើចាប់អារម្មណ៍ទាក់ទងនឹងវិស័យសិល្បៈរបស់ម្ចាស់ជ័យលាភីធីតាឯកសង្ក្រាន្តវ័យ ២៣ ឆ្នាំរូបនេះ ត្រូវបានគេដឹងថាកន្លងមកកញ្ញាក៏មានបទពិសោធន៍ជាច្រើនដែលបានឆ្លងកាត់ការចូលរួមប្រកួតក្នុងកម្មវិធីដើរម៉ូដ និង បវរកញ្ញាផងដែរ។ បច្ចុប្បន្ននេះ កញ្ញា អ៊ិន ម៉ូលីកា ក៏ជាតារាសម្តែង និង ជាបវរកញ្ញាអាជីពដ៏មានប្រជាប្រិយភាពមួយរូបផងដែរ៕
៦. គឺ ស្រីនុត
កញ្ញា គឺ ស្រីនុត ជាម្ចាស់ជ័យលាភីធីតាឯកសង្ក្រាន្ត រដូវកាលទី ៥ នេះ ដែលនឹងបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍សម្តែងជាទេវឆ្នាំថ្មី ឆ្នាំរោង ព្រះនាម មហោទរាទេវី។ ជាមួយរូបសម្រស់ និង សមត្ថភាព គួបផ្សំភាពរួសរាយពីធម្មជាតិ ឃើញថាក្រោយបញ្ចប់ការប្រកួត ម្ចាស់ជ័យលាភីធីឯករូបនេះហាក់មមាញឹកខ្លាំងនៅក្នុងវិថីសិល្បៈ ជាពិសេសទទួលបានការងារធំៗហូរហែមិនចេះដាច់៕