(វីដេអូ) ៣ ចំណុច ធ្វើឱ្យរាជិនីមកុដ Miss Universe 2023 ជាប់ចិត្ត និង កក់ក្ដៅខ្លាំង ពេលមកដល់ទឹកដីកម្ពុជា
ចំពោះដំណើរទស្សនកិច្ចលើទឹកដីកម្ពុជារបស់បវរកញ្ញាម្ចាស់មកុដលំដាប់ពិភពលោក Miss Universe 2023 កញ្ញា Sheynnis Palacios ពិតធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាមានក្ដីរំភើបចិត្តខ្លាំង និង បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុត។
លើសពីនេះ មហាជនអ្នកគាំទ្រកាន់តែរំភើប ខណៈបានឃើញសកម្មភាពរបស់បវរកញ្ញាចក្រវាលរូបនេះ បង្ហាញការស្រឡាញ់ពេញចិត្តនូវសម្បត្តិវប្បធម៌របស់ខ្មែរ ដែលបានគ្រងឈុតអប្សរា និង ឈុតប្រពៃណីដ៏ល្អឯករបស់ខ្មែរយ៉ាងស្រស់ស្អាត។
អ្វីដែលកាន់តែចាប់អារម្មណ៍ទៀត ក្នុងកម្មវិធីសន្និសីទសារព័ត៌មានរបស់កម្មវិធី Miss Universe Cambodia នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៤ ម្សិលមិញនេះ រាជិនីមកុដ Miss Universe 2023 រូបនេះ ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនចំពោះការមកដល់ទឹកដីកម្ពុជានេះឱ្យដឹងថាអ្វីដែលនាងពេញចិត្ត និង ចាប់អារម្មណ៍បំផុតចំពោះកម្ពុជាគឺមាន ៣ ចំណុចនេះ៖
– អាកាសធាតុនៅកម្ពុជា ដែលបានធ្វើឱ្យនាងរឮកដល់ស្រុកកំណើតរបស់នាងនៅឯអាហ្វ្រិកខាងត្បូងមានអាកាសធាតុក្ដៅមធ្យមដូចគ្នា ធ្វើឱ្យនាងនឹកដល់ផ្ទះ និង ហាក់មានភាពកក់ក្ដៅ
– ភ្លេងស្វាគមន៍របស់ក្រុមឆៃយ៉ាំ ធ្វើឱ្យនាងមានអារម្មណ៍កក់ក្ដៅ និង មានភាពសប្បាយរីករាយជាមួយនឹងការស្វាមគន៍នេះខ្លាំង
– ពេលដែលនាងគ្រងឈុតអប្សរា ធ្វើឱ្យនាងមានអារម្មណ៍អរគុណដល់ប្រជាជនកម្ពុជាខ្លាំង ដោយនាងយល់ច្បាស់ថាឈុតអប្សរានេះ ជារបស់ដ៏មានន័យ និង មានតម្លៃរបស់ខ្មែរ ខណៈគ្រងឈុតនេះក៏បានធ្វើឱ្យនាងមានអារម្មណ៍ថាខ្លួនក៏ជាកូនខ្មែរម្នាក់ដែរ៕