មួយឃ្លាបង្កប់ន័យសោកស្តាយពី KingChi ក្រោយទទួលដំណឹងមរណភាព កូនជ្រូក ដែលធ្លាប់ជាសិស្សក្នុងកម្មវិធី The Rapper
កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៤ នេះ កន្លងទៅនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការរន្ធត់ចិត្តយ៉ាងខ្លាំង ក្រោយអ្នកនាង Mariam Brown ភរិយារបស់តារាចម្រៀងរ៉េប Vin Vitou ប្រាប់ដំណឹងថា កូនជ្រូក (Konjruk Fash Ion) ដែលមហាជនស្គាល់ជា Influencer ល្បីម្នាក់បានទទួលមរណភាពដោយជំងឺរលាកស្រោមខួរ។
ក្នុងនោះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញក្តីសោកស្តាយ និង រន្ធត់ចិត្ត ហើយចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ កូនជ្រូក ផងដែរ។
អ្វីដែលកាន់តែធ្វើឱ្យមហាជនមានក្តីសោកស្តាយទៀតនោះ ក្រោយពីដឹងថា កូនជ្រូក កាលនៅមានជីវិតក៏ជាបុគ្គលមានទេពកោសល្យ តស៊ូ ក្នុងវិស័យសិល្បៈដែរ ដោយ កូនជ្រូក ធ្លាប់ជាបេក្ខភាព The Rapper Cambodia មានរហស្សនាមថា Bad B។
យ៉ាងណាមិញ ងាកមកកាន់ DJ KingChi ដែលជា Coach មួយរូបក្នុងកម្មវិធី The Rapper Cambodia និង ជាគ្រូបង្វឹកផ្ទាល់របស់ កូនជ្រូក កាលនៅមានជីវិតវិញ បានបង្ហោះសារទាំងក្ដុកក្ដួលថា៖ «RIP my student ( Rest in peace my student)» ដែលមានអត្ថន័យថា «សូមទៅកាន់សុគតិភព កូនសិស្សរបស់ខ្ញុំ»។ សារនេះ បើទោះជាខ្លីក៏ពិតមែន តែមហាជនបានដឹងថា DJ KingChi ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ក៏ព្រោះអ្នកទាំង ២ ធ្លាប់មានមនោសញ្ចេតនាជាគ្រូ និង សិស្សនឹងគ្នា៕