សាច់ឈាមជាបវរកញ្ញា ទោះរៀបការមានកូន ក៏បវរកញ្ញា ៤ រូបនេះ នៅតែរក្សាសម្រស់រូបរាងស្អាតភ្លឹងៗដដែល
បើក្រឡេកទៅចាប់អារម្មណ៍បវរកញ្ញាប៉ុន្មានរូប ដែលបានសម្រេចចិត្តរៀបការបញ្ចប់ភាពនៅលីវ និង សាងគ្រួសារជាមួយស្វាមីយ៉ាងមានសុភមង្គល ព្រមទាំងទទួលបានទាយាទស្នងត្រកូលរៀងៗខ្លួន។ យ៉ាងណាមិញ ក្នុងចំណោមបវរកញ្ញាទាំងនោះ ក្រោយសាងគ្រួសារអ្នកខ្លះក៏បន្តលើវិស័យបវរកញ្ញាដដែល រីឯអ្នកខ្លះក៏បានស្ងាត់ពីវិស័យនេះ សាងជីវិតឯកជនរៀងៗខ្លួន។ ប៉ុន្តែបើចាប់អារម្មណ៍ចំពោះរូបសម្រស់បវរកញ្ញា ៤ រូបដ្បិតតែមានកូន ១ ទៅ ២ នាក់ហើយមែន តែពួកគេនៅថែសម្រស់បានយ៉ាងល្អស្រស់ស្អាតមិនចាញ់កាលនៅក្រមុំឡើយ។
១. លឹម សាំងលី
បវរកញ្ញារូបស្រស់ រាងតូចច្រឡឹង លឹម សាំងលី ដែលជាជ័យលាភីរងទី ១ Miss Planet Cambodia 2019 និង ជា Top ១០ កម្មវិធី Miss Universe Cambodia 2020 បានបញ្ចប់ភាពនៅលីវរៀបការនឹងស្វាមីជាគ្រូពេទ្យម្នាក់កាលពីអំឡុងឆ្នាំ ២០២១។ ក្រោយពីរៀបការសាងគ្រួសារ គិតមកទល់ពេលនេះ លឹម សាំងលី និង ស្វាមី មានទាយាទប្រុសស្រី ២ នាក់ទៅហើយ។ យ៉ាងណាមិញ ទោះបីពេលនេះនាងមិនបង្ហាញវត្តមានលើវិស័យបវរកញ្ញាទៀតមែន តែក៏ត្រូវបានចាប់អារម្មណ៍សម្រស់របស់នាងបង្ហាញលើបណ្ដាញសង្គម រូបរាងនៅតែស្រស់ស្អាតដដែល។
២. ឌី លីកា
ចំពោះបវរកញ្ញា ឌី លីកា Miss Grand Cambodia ២០១៨ បានសម្រេចចិត្តរៀបការសាងគ្រួសារជាមួយស្វាមី កាលពីអំឡុងឆ្នាំ ២០១៨ កន្លងទៅ។ ពេលនេះ ឌី លីកា មិនសូវខ្វាយខ្វល់ជាមួយនឹងការងារសិល្បៈដូចមុនឡើយ ដោយនាងងាកមកពង្រឹងមុខជំនួញវិញម្តង។ ចំពោះរូបសម្រស់វិញ ខណៈបង្ហាញខ្លួនលើឆាកបវរកញ្ញាម្ដងកាលពីឆ្នាំ ២០២៣ កន្លងទៅ ឃើញថានាងនៅស្រស់ស្អាត ជាពិសេសពេលនេះ ទោះនាងមានកូន ១ ហើយ តែក៏នៅស្រស់ស្អាតដូចវ័យក្រមុំពេលបង្ហាញសម្រស់លើបណ្ដាញសង្គមម្ដងៗ។
៣. ប្រាសាទ ដាវីន
បើនិយាយពីភាពល្បីឈ្មោះ និង ទេពកោសល្យក្នុងវិស័យដើរម៉ូដ ព្រមទាំងវិស័យបវរកញ្ញារបស់អ្នកនាង ប្រាសាទ ដាវីន មកដល់ពេលនេះ ដ្បិតតែអ្នកនាងមានស្វាមី និង កូន ១ ហើយក្តី តែអ្នកនាងនៅតែមានភាពជោគជ័យខ្លាំង រួមទាំងទទួលបានការងារថ្មីៗចូលមកជាបន្តបន្ទាប់។ ជាការពិត បើចាប់អារម្មណ៍លើសម្រស់វិញ ទោះមានកូន ១ មែនតែ ប្រាសាទ ដាវីន រូបរាងនៅតែស្អាតស្រឡូនទាក់ទាញ។ លើសពីនេះ កាលអំឡុងឆ្នាំ ២០២៣ កន្លងទៅ អ្នកនាងបានចូលរួមប្រកួតកម្មវិធីបវរកញ្ញាសម្រាប់អ្នករៀបការសាងគ្រួសាររួច និង ទទួលបានតំណែងជ័យលាភីលំដាប់រងទី ៤ នៃស្ដ្រីឯកចក្រវាល Universal Woman ឆ្នាំ ២០២៣ ទៀតផង។
៤. ងិន ម៉ារ៉ាឌី
គិតមកដល់ពេលនេះ រយៈពេលជិត ១ ឆ្នាំហើយ ដែលបវរកញ្ញាដ៏មានប្រជាប្រិយភាព ងិន ម៉ារ៉ាឌី បានចូលរោងការសាងគ្រួសារជាមួយសា្វមី កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ ព្រមទាំងទទួលបានទាយាទដំបូងជាកូនស្រីចំណងដៃអាពាហ៍ពិពាហ៍អាយុជិត ៤ ខែហើយ។ ស្របពេលរៀបការសាងគ្រួសារ និង ពពោះកូនដែរ អ្នកនាង ងិន ម៉ារ៉ាឌី ក៏ស្ងាត់ពីវិស័យបវរកញ្ញាមួយរយៈ ដោយទើបតែថ្មីៗកន្លងទៅនេះ នាងក៏បានវិលត្រឡប់មកជាថ្មី និង ត្រូវបានមហាជនសរសើរខ្លាំងពីរូបសម្រស់របស់នាង ដោយពូកែថែសម្រស់ខ្លាំង ទាំងមុខមាត់ រូបរាងនៅតូចច្រឡឹងស្អាតដដែល៕