ប្រពៃណាស់! ថ្ងៃទី ៣ បុណ្យភូមិ ដេញថ្លៃ «ក្អមមាស១១១» ដើម្បីជួយដល់សិល្បៈតន្រ្តីជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី
កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ មហោស្រពបុណ្យភូមិ បានឈានចូលមកដល់ទីបញ្ចប់ហើយ ដោយរយៈពេល ៣ ថ្ងៃកន្លងមកនេះ កម្មវិធីខាងលើនេះ បានរៀបចំនូវកម្មវិធីកម្សាន្ត និង បង្ហាញនូវវប្បធម៌ អរិយធម៌ប្រពៃណីជាច្រើន។
យ៉ាងណាមិញ ងាកទៅកាន់យប់ថ្ងៃចុងក្រោយនៃកម្មវិធី មហោស្រពបុណ្យភូមិ កាលពីថ្ងៃទី ០៧ ខែមេសាឆ្នាំ ២០២៤ វិញនោះ ក៏បានរៀបចំកម្មវិធីកម្សាន្តធំមួយ គឺ «វាយក្អម» ជាល្បែងប្រជាប្រិយមួយប្រភេទ ដែលប្រជាជនខ្មែរនិយមលេងនៅពេលដែលពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរបានចូលមដល់ម្តងៗ។
ក្នុងនោះ មហោស្រពសិល្បៈបុណ្យភូមិ ក៏មិនបានមើលរំលងនូវល្បែងប្រជាប្រិយ ដ៏ពិសេសមួយនេះនោះទេ ព្រមទាំងរៀបចំយ៉ាងពិសេសដោយមានការដេញថ្លៃនូវ «ក្អមមាស ១១១» តំណាងឱ្យសិរីសួស្តីមង្គលឆ្នាំថ្មីចូលមានដល់ក្រុមគ្រួសារទៀតផង។
មហោស្រពសិល្ប:បុណ្យភូមិ បានរៀបចំការដេញថ្លៃនូវ «ក្អមមាស ១១១» ដោយថវិកាបានមកពីការដេញថ្លៃ នឹងបញ្ចូលទៅកាន់មូលនិធិទាំងស្រុង «អ្នកស្រុកមានចិត្ត» ដើម្បីបរិច្ចាកទៅកាន់សិល្បករផ្នែកតន្រ្តីបែបជនជាតិភាគតិចនៅខេត្តមណ្ឌលគិរីលើឧបករណ៍តន្រ្តី « ឃ្មោះ» និង «គងរ៉ែ»។
គួរបញ្ជាក់ថា នៅក្នុងរាត្រីថ្ងៃទី ៧ ខែមេសា កន្លងទៅ តន្រ្តីជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ដែលសឹងតែបាត់បង់ក៏បានចូលរួមសម្តែង ដោយផ្ទាល់ពីសំណាក់សិល្បករ សិល្បការិនីមកពីខេត្តមណ្ឌលគិរី គឺលោកពូ ប៉ុក ខើល និង អ្នកគ្រូ សងប្រូ ផងដែរ៕