មិនមែនតោងគ្នាល្បី តែប្តីប្រពន្ធគូនេះល្បីទាំងគូ តស់! មកដឹងពីប្រវត្តិសាងកេរ្តិ៍ឈ្មោះរបស់ពួកគេ
ហេង វិសាល និង ស្រីនា ពិតជាគូស្វាមីភរិយាដ៏ស័ក្តិសម អាពាហ៍ពិពាហ៍របស់អ្នកទាំងពីរពិតជាធ្វើឱ្យមហាជនរំភើបចិត្ត និងសាទរបំផុត។ បើនិយាយទៅ គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ សុទ្ធតែជាអ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គម ជាក់ស្តែង គ្រប់គ្នាស្គាល់ ហេង វិសាល តាមរយៈវីដេអូកម្សាន្តចម្រុះសប្បាយៗ ឯ ស្រីនា វិញ ត្រូវបានគេស្គាល់តាមរយៈការបង្កើតវីដេអូតុបតែងមុខ។ ជាការពិតណាស់ អ្នកទាំងពីរមិនមែនទើបតែល្បីនៅពេលកាន់ដៃគ្នាជាគូស្នេហ៍ ឬរៀបអាពាហ៍ពិពាហ៍នោះទេ ពោលភាពល្បីល្បាញត្រូវបានសាងឡើងតាមរយៈការខិតខំប្រឹងប្រែង និងការរកឃើញខ្លួនឯងរបស់ពួកគេ។ ទន្ទឹមនឹងភាពជោគជ័យរបស់អ្នកទាំងពីរ ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកពីប្រវត្តិនៃការចាប់ផ្តើមដែលធ្វើឱ្យពួកគេក្លាយជា Influencer ល្បីល្បាញដូចពេលបច្ចុប្បន្ន។
១. ហេង វិសាល
ហេង វិសាល មានឈ្មោះពេញថា ហេង សុខវិសាល កើតនៅទីក្រុងភ្នំពេញ ជាកូនពៅក្នុងចំណោមបងប្អូន ៤ នាក់ ស្រី ២ ប្រុស ២។ លោកមានឪពុកជាវេជ្ជបណ្ឌិត (មរណភាព)និងម្តាយជាស្ត្រីមេផ្ទះ។ វីដេអូដំបូងលើទំព័រហ្វេសប៊ុករបស់លោកមានចំណងជើង «តើមនុស្សប្រុសសុទ្ធតែដូចគ្នាមែនទេ» ដែលបង្ហោះនៅថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០១៥។ មែនទែនទៅ ហេង វិសាល បានធ្វើវីដេអូតាំងពីឆ្នាំ ២០១៣ ម្ល៉េះ ប៉ុន្តែគ្រានោះ ក្រោយធ្វើបាន ៥ ទៅ ៦ វីដេអូ លោកក៏ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាក់ជើង ជាហេតុផ្អាកការផលិតរហូតដល់ឆ្នាំ ២០១៥ ។
លោកបានបោះបង់អាជីពការងារនៅប្រទេសជប៉ុន ខណៈដែលខ្លួនទើបធ្វើការបានតែពីរខែជាមួយប្រាប់ចំណូលខ្ទង់ពាន់ដុល្លារ ដើម្បីត្រលប់មកបំពេញក្តីស្រមៃធ្វើវីដេអូ និងបញ្ចប់ការសិក្សាផ្នែកវិស្វករបច្ចេកវិទ្យានៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ។ ហេតុផលនៃការចាប់ផ្តើមធ្វើវីដេអូ ដោយសារលោកចូលចិត្តលេងអ៊ីនធ័រណែត និងចូលចិត្តមើល YouTube តាំងតែពីតូច ដែលសំខាន់ទៀតនោះ គឺដោយសារការបែកបាក់ស្នេហាផងដែរ។ ហេង វិសាល ត្រូវបានមហាជនពេញចិត្តទៅលើវីដេអូមាតិកាកម្សាន្តចម្រុះ ជាពិសេសត្រង់លោកពូកែសម្តីលេងសើចកំប្លែងៗ។
រយៈពេលបង្កើតវីដេអូបាន ៥ ឆ្នាំដំបូង លោកទទួលបានភាពជោគជ័យខ្លាំង អាចរកចំណូលខ្ទង់ម៉ឺនដុល្លារក្នុងមួយខែៗ ដោយក្នុងនោះបានតាមរយៈការផលិតវីដេអូខ្លួនឯងផង និងតាមរយៈក្រុមហ៊ុននានាហៅថតផ្សព្វផ្សាយ ថតសម្តែងរឿង និងធ្វើជាអ្នកតំណាងផងដែរ។ ភាពជោគជ័យរកលុយបានក្រាស់ក្រែលមកដល់បច្ចុប្បន្ន ហេង វិសាល ក៏ដើរទន្ទឹមគ្នានឹងការបើកក្រុមហ៊ុនមួយចំនួនទាក់ទងនឹងវិស័យផ្សេងៗដូចជា ម្ហូបអាហារ សម្រស់ ព្រមទាំងគាំទ្រទៅលើអ្នកផលិតមាតិកាវីដេអូវ័យក្មេងជាច្រើន។
២. ជា ស្រីនា
ស្រីនា មានឈ្មោះពេញថា ជា ស្រីនា កើតនៅក្នុងគ្រួសារប្រកបជំនួញដែលមានឪពុកជាអ្នកជំនួញខាងផ្នែកអចលនទ្រព្យ ឯម្តាយជាស្ថាបនិកហាងកាត់ដេល្បីមួយកន្លែងនៅរាជធានីភ្នំពេញ។ ស្រីនា មានប្អូន ៣នាក់ ស្រី ២ ប្រុស ១ នាងជាកូនច្បង។ ស្រីនា បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ AUPP ផ្នែកពាណិជ្ជកម្ម ដោយទទួលបានសញ្ញាបត្រចំនួនពីរ មួយនៅក្នុងស្រុក និងមួយទៀតនៅសហរដ្ឋអាមេរិក។
ដោយមានចំណូលចិត្តទៅលើភាពយន្តកូរ៉េ សកម្មភាពតារាកូរ៉េ ជាពិសេសការតុបតែងមុខ ស្រីនា ក៏កើតគំនិតបង្កើតវីដេអូទាក់ទងនឹងការផាត់មុខ ដែលជំនាញនេះនាងបានចេះពីអ្នកម្តាយរបស់ខ្លួន។ ស្រីនា បានចាប់ផ្តើមបង្ហាញខ្លួនជា Youtuber នៅអំឡុងខែ វិច្ឆិកា ឆ្នាំ ២០១៨ ដោយផលិតមាតិកាផ្តោតលើសម្រស់ ហើយនាងក៏ល្បីឈ្មោះជាសិស្សស្រីនិទ្ទេស A នៅក្នុងឆ្នាំនោះផងដែរ។ បោះជំហានក្នុងការផលិតវីដេអូសម្រស់តាំងពីវ័យ ១៩ ឆ្នាំ ស្រីនា ទទួលបានប្រជាប្រិយភាពក្នុងរយៈពេលដ៏ខ្លី នាងចាប់ផ្តើមមានស្ពនស័រហូរហែ និងបានអភិវឌ្ឍន៍ខ្លួនរហូតក្លាយជា Influencer ល្បីឈ្មោះមានទីផ្សារខ្លាំងនៅកម្ពុជា។ តាមរយៈការខិតខំកន្លងទៅ កាលពីឆ្នាំ ២០២៣ ស្រីនា ទទួលបានពាន Beauty and Health Influencers ក្នុងកម្មវិធី HOFS 2023 ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី៕