(វីដេអូ) អស់ស្ទះ! ត្រឹមរយៈពេលខ្លី បទ «សង្ក្រាន្តស្គាល់ស្នេហ៍» របស់ វណ្ណដា បង្ហាញពីបរិបថខ្មែរខែចូលឆ្នាំ មានអ្នកមើលរាប់លានដង
ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខាងមុខនេះ តារាចម្រៀងរ៉េប វណ្ណដា បានចេញបទចម្រៀងសម្រាប់ជាកាដូដល់អ្នកគាំទ្រជាបន្តបន្ទាប់រួមគ្នានឹងសិល្បករប្រចាំផលិតកម្មបារមី ដូចជាលោក វណ្ណថាន និង លោក នរិទ្ធ ជាដើម។
យ៉ាងណាមិញ នៅយប់ថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ តារាចម្រៀងរ៉េប វណ្ណដា បានចេញចម្រៀងទោល សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីជូនដល់អ្នកគាំទ្រមួយបទទៀតហើយ ដោយមានចំណងជើងថា «សង្ក្រាន្តស្គាល់ស្នេហ៍»។
ចម្រៀងថ្មីរបស់លោក វណ្ណដា មិនត្រឹមតែពីរោះ និង មានគ្រប់ចង្វាក់ទាំងតន្ត្រីបុរាណសម័យយ៉ាងពីរោះនោះទេ រីឯអត្ថន័យក៏មានន័យក្នុងការជួបជុំគ្រួសារបងប្អូនក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ។ លើសពីនោះ សម្រាប់ MV ក៏ដូចគ្នា គឺបានបង្ហាញនូវល្បែងប្រពៃណីខ្មែរមួយចំនួនដូចជា លាក់កន្សែង ដណ្តើមស្លឹកឈើ និង វាយក្អម ព្រមទាំងការវេចនំអន្សមទៀតផង។
ជាក់ស្តែង ក៏ព្រោះតែអត្ថន័យពីរោះ MV ក៏មានន័យ បើគិតត្រឹមការផុសនៅយប់ថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោង ៨ យប់ រហូតដល់ព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៤ នេះ MV «សង្ក្រាន្តស្គាល់ស្នេហ៍» របស់ វណ្ណដា មានអ្នកទស្សនាដល់ទៅជាង ១ លានដង លើហ្វេសប៊ុកផេកផ្លូវការរបស់លោក៕