ឈ្នះមកុដ ៤ ថ្ងៃ ល្អហួស ធ្វើឱ្យអ្នកគាំទ្រអន្ទះសា ក្រោយចេញមុខបង្ហោះសារយ៉ាងក្តៅគគុកមួយ
ខណៈពេលនេះ ជូរី ល្អហួស កំពុងមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងវិស័យបវរកញ្ញា បន្ទាប់ពីនាងតូច ទទួលបានជ័យជម្នះ ដណ្ដើមបានមកុដលេខ ១ ពីកម្មវិធីប្រកួតសម្រស់នៅលើឆាកអន្តរជាតិ Miss Preteen Junior Idol World 2024 នៅប្រទេសថៃ កាលពីរាត្រីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ ដែលនាំកិត្តិយសមុខមាត់ដ៏ធំមកឱ្យកម្ពុជាទាំងមូល។
ជ័យជម្នះរបស់ ជូរី ល្អហួស បានធ្វើឱ្យបណ្ដាអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើន បង្ហាញក្ដីសាទរចំពោះ និង មានមោទកភាពលើបវរកញ្ញាវ័យក្មេងរបស់កម្ពុជារូបនេះ សូម្បីតែសម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញអារម្មណ៍កោតសរសើរចំពោះទេពកោសល្យរបស់ ល្អហួស មិនដាច់ពីមាត់ដែរ។
យ៉ាងណាមិញ ក្រោយក្លាយជាមកុដ Miss Preteen Junior Idol World 2024 ហើយ ជូរី ល្អហួស បានធ្វើឱ្យមហាជនអ្នកគាំទ្រអន្ទះសា ចង់ដឹងជាខ្លាំង ក្រោយនាងស្រាប់តែបង្ហើបនៅលើហ្វេសប៊ុកផេកផ្ទាល់ខ្លួនថា ៖ «កំពុងតែដាក់គោលដៅថ្មីមួយទៀតសម្រាប់កម្ពុជា នៅ ៣ ឆ្នាំក្រោយ»។ ចំពោះគោលដៅថ្មីដែល ល្អហួស លើកឡើងនោះ ធ្វើឱ្យអ្នកគាំទ្រជាច្រើនប៉ាន់ស្មានថា គឺជាការចូលប្រកួតដណ្ដើមមកុដកម្មវិធីបវរកញ្ញាណាមួយលើឆាកអន្តរជាតិជូនប្រទេសកម្ពុជា៕