យ៉ែម សំអូន កាន់តែបង្ហាញទង្វើដូចបានផ្សះផ្សាបេះដូងនឹងអតីតភរិយា យ៉ាន លីនដា វិញ
ចាប់តាំងពីអតីតពិធីការិនី និង ជាតារាចម្រៀងដ៏ល្បី អ្នកនាង យ៉ាន លីនដា នាំកូនស្រីសំណព្វចិត្តមកលេងស្រុកខ្មែរលើកនេះ ហាក់ដូចជាមានរឿងល្អៗកើតឡើងច្រើន ជាពិសេសគឺពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយលោក យ៉ែម សំអូន។
ដូចប្រិយមិត្តភាគច្រើនបានជ្រាបហើយថា អ្នកនាង យ៉ាន លីនដា និង លោក យ៉ែម សំអូន បានបរាជ័យជីវិតគ្រួសាររហូតឈានដល់ការសម្រេចចិត្តលែងលះ ហើយកាលនោះ ដំណឹងរកាំរកូសក្នុងគ្រួសាររបស់តារាប្រុសស្រីទាំងពីរដួងនេះ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និង ខកចិត្តជាខ្លាំង ព្រោះថា អ្នកទាំងពីរ គឺជាគូស្នេហ៍សិល្បៈដែលស័ក្ដិសម ហើយស្រឡាញ់គ្នាខ្លាំងទៀតផង។
ដ្បិតថានៅពីក្រោយការបែកបាក់របស់ពួកគេ ក៏មានរឿងចម្រូងចម្រាស់ជាច្រើន ហើយក្រោយមកអ្នកនាង យ៉ាន លីនដា ក៏នាំកូនស្រីចាកចេញទៅរស់នៅប្រទេសអូស្រ្តាលីអស់ជាច្រើនឆ្នាំ ហើយបើទោះបីជាអ្នកនាង និង កូនស្រី វិលមកលេងស្រុកខ្មែរកន្លងមក ក៏គេមិនបានឃើញអ្នកនាង និង អតីតស្វាមី បង្ហាញសកម្មភាពស្និទ្ធស្នាល ឬរាក់ទាក់គ្នាដែរ។
ទើបតែនៅចុងខែមីនា ឆ្នាំ ២០២៤ នេះ អ្នកនាង យ៉ាន លីនដា បាននាំកូនស្រីមកលេងស្រុកខ្មែរជាថ្មី តែលើកនេះហាក់ខុសប្លែកពីរាល់ដង ដោយគេឃើញនៅលើបណ្ដាញសង្គមរបស់លោក យ៉ែន សំអូន តែងបង្ហាញសកម្មភាពជិតដិតជាមួយអតីតភរិយាខ្លាំង ទៅណាមកណាជាមួយគ្នា ហើយសូម្បីតែអនុស្សាវរីយ៍ដែលពួកគេច្រៀងរួមគ្នាកាលពីជិត ២០ ឆ្នាំមុន ក៏លោកបានរំឭកឡើងវិញដែរ ហាក់ដូចជាចង់បង្ហាញឱ្យឃើញថា ពេលនេះ លោក និង អ្នកនាង យ៉ាន លីនដា បានផ្សះផ្សាគ្នាជាប្ដីប្រពន្ធវិញហើយ៕