ម្ដាយ ល្អហួស ទម្លាយថាការងារសម្រុកចូល ក្រោយកូនស្រីឈ្នះមកុដត្រលប់មកប្រទេសវិញ
បវរកញ្ញាគ្រាប់ពេជ្ររបស់កម្ពុជា ជូរី ល្អហួស បានត្រលប់មកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាពកាលពីរសៀលថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ ដោយមានការទទួលស្វាគមន៍អបអរសាទរដល់នាង យ៉ាងច្រើនកក់កុញនៅព្រលានយន្ត បន្ទាប់ពីបវរកញ្ញាវ័យក្មេងរូបនេះ បាននាំជ័យជម្នះធ្វើជាម្ចាស់មកុដ Miss Preteen Junior Idol World 2024 នៅប្រទេសថៃ ព្រមទាំងពានរង្វាន់ជាច្រើនទៀតជូនប្រជាជនកម្ពុជា។
គ្រាន់តែត្រលប់មកដល់ប្រទេសកំណើតជាមួយជ័យជម្នះដ៏គួរឱ្យអបអរសាទរនេះភ្លាម អ្នកនាង ដេននី ក្វាន់ ដែលជាម្ដាយរបស់ ជូរី ល្អហួស បានទម្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកភ្លាមថា ពេលនេះមានក្រុមហ៊ុនជាច្រើន បានទាក់ទងមក ក្នុងគោលបំណងចង់បានបវរកញ្ញាវ័យក្មេងដ៏មានឥទ្ធិពល ជូរី ល្អហួស ធ្វើជា BA ឱ្យពួកគេ។
ក្នុងសំណេរនោះ ម្ដាយ ជូរី ល្អហួស បានបង្ហើបថា ៖ «មានក្រុមហ៊ុនជាច្រើនទាក់ទងមកនាងខ្ញុំ ចង់បាន ល្អហួស ធ្វើ BA ពេលនេះកំពុងតែគិតថាគួរទទួលយកក្រុមហ៊ុនមួយណា»។ មិនប្លែកទេដែល ល្អហួស ត្រូវបានក្រុមហ៊ុនជាច្រើនចង់បាននាងធ្វើជា BA ដោយហេតុថា ម្ចាស់មកុដ Miss Preteen Junior Idol World 2024 មានទាំងសមត្ថភាព រូបសម្រស់ និង ចំណេះដឹង៕