យឿន ពិសី បង្ហោះសារសារភាពមានអ្នកថ្មី ក្រោយលែងលះភរិយាមួយរយៈ
កាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ម្ចាស់ពានរង្វាន់ Cambodia’s Got Talent រដូវកាលទី ១ លោក យឿន ពិសី បានបង្ហោះសារថា ខ្លួនមានគូស្នេហ៍ថ្មី ក្រោយពីប្រកាសបែកបាក់នឹងអតីតភរិយាមួយរយៈ។
ក្នុងនោះ លោក យឿន ពិសី រៀបរាប់ថា៖ «មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ខ្ញុំសូមសារភាពថាគាត់ជានារីដែលខ្ញុំស្រឡាញ់យ៉ាងពិតប្រាកដ ប៉ុន្តែគាត់មិនមែនជាជនទីបីទេ! ខ្ញុំសូមសំពះសុំចិត្តពុកម៉ែបងប្អូនកុំសើចកុំយំពួកខ្ញុំអី ហើយខ្ញុំក៏សូមអរគុណគាត់ ដែលសម្រេចចិត្តចូលក្នុងជីវិតខ្ញុំហើយព្រមទទួលយកខ្ញុំជាខ្ញុំ បើទោះបីជាដឹងថាខ្ញុំពិការក៏ដោយ ព្រោះនៅពេលដែលខ្ញុំ និង គាត់ស្រឡាញ់គ្នា គឺខ្ញុំមានឈ្មោះជាពោះម៉ាយរួចហើយ ខ្ញុំលែងលះជាមួយអតីតភរិយារបស់ខ្ញុំបានមួយរយៈធំដែរហើយ ទើបខ្ញុំមានទំនាក់ទំនងជាមួយគាត់។ នេះជារូបភាព មុនពេលដែលខ្ញុំទៅវះកាត់ភ្នែកប្រហែល ២ ថ្ងៃ ហើយរូបភាពដែលបែកធ្លាយនោះ គឺជារូបភាពដែលខ្ញុំទើបតែវះកាត់ភ្នែកហើយបានមួយយប់ គឺគាត់ជាអ្នកទៅលើកម្លាំងចិត្តឱ្យខ្ញុំ។ រឿងដែលខ្ញុំបាទត្រូវបកស្រាយខ្ញុំ បានបកស្រាយរួចហើយ! សូមពុកម៉ែបងប្អូនបញ្ចេញមតិដោយក្រុមសីលធម៌។ ម្យ៉ាងវិញទៀតសូមមេត្តាបងប្អូនបើកចិត្តឱ្យទូលាយ បងប្អូនមួយចំនួនក៏កុំចាំបាច់ចេះរៀបចំជីវិតរបស់អ្នកដទៃធ្វើអ្វី ត្រូវចាំថាផ្លូវណាដែលត្រជាក់រស់នៅស្ងប់សុខស្រួល ផ្លូវនោះហើយដែលគ្រប់គ្នាប្រាថ្នាចង់ដើរ។ ម្យ៉ាងវិញទៀតដូចខ្ញុំបានបង្ហោះសារនៅខាងលើមុននេះអញ្ចឹង ខ្ញុំនឹងអតីតភរិយាខ្ញុំ សម្រេចចិត្តលែងលះគ្នាដោយព្រមព្រៀង និង ដោយសន្តិវិធី និង ពុំមានអ្នកណាម្នាក់ផិតក្បត់អ្នកណាម្នាក់ឡើយ។ មូលហេតុគឺព្រោះពួកខ្ញុំទាំងពីររស់នៅមិនចុះសម្រុងនឹងគ្នា មិនអាចបន្តសង្វាក់ជាប្ដីប្រពន្ធបាន។ ប៉ុន្តែចំពោះកូនៗទាំងពីររបស់ខ្ញុំ ខ្ញុំនៅតែស្រឡាញ់ពួកគាត់ស្មើជីវិត ជាពិសេសខ្ញុំនៅតែបំពេញតួនាទីជាឪពុក ដើម្បីផ្ដល់អាហារកិច្ចជូនគាត់រហូតដល់គាត់ធំៗរៀងៗខ្លួន។ ខ្ញុំបាទបកស្រាយប៉ុណ្ណេះសង្ឃឹមថាពុកម៉ែបងប្អូននឹងយល់ យ៉ាងណាក៏ខ្ញុំបាទសូមគោរពអរគុណទឹកចិត្តស្រឡាញ់និងការគាំទ្ររបស់ពុកម៉ែបងប្អូនដែលតែងតែមានចំពោះរូបខ្ញុំបាទដោយក្ដីគោរពចេញពីខ្ញុំបាទ យឿន ពិសី»។
យ៉ាងណាមិញ សារខាងលើនេះដែរ នៅពេលដែលមានការបង្ហោះភ្លាមៗនោះ ក៏មានមហាជនជាច្រើនបានគិតថាជាការពិត និង មួយចំនួនតូចនៅមិនទាន់ជឿជាក់នៅឡើយនោះទេ ក៏ព្រោះតែថ្ងៃទី ០១ មេសា គឺជាថ្ងៃ April Fool’s Day។ តែយ៉ាងណា រឿងខាងលើនេះ គឺជារឿងពិតប្រាកដមែន៕