ខៀវ សានសាណា ពិតជារៀមច្បងគំរូ បានបង្កើតឱកាសឱ្យ វណ្ណដា និង ជី ដេវីត ជួបគ្នា
នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ច្បាស់ជាអូសមិនផុតឡើយនូវសកម្មភាពរវាងតារាចម្រៀងរ៉េប វណ្ណដា និង ជី ដេវីត កំពុងឈរជជែកគ្នានៅក្នុងកម្មវិធីមង្គលការរបស់ ហេង វិសាល និង ជា ស្រីនា កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ។
ក្នុងនោះដែរ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ព្រោះតែលោក វណ្ណដា និង ជី ដេវីត បានឈរជជែកគ្នាយ៉ាងស្និទ្ធស្នាល ព្រមទាំងចាប់ដៃគ្នាថែមទៀតផង។
ជាការពិត វីដេអូរបស់តារាចម្រៀងរ៉េបទាំង ២ ត្រូវបានបង្ហោះឡើងដំបូងគេក្នុងគណនី IG និង ផេកហ្វេសប៊ុកផ្លូវការរបស់ពិធីការិនីរៀមច្បងអ្នកនាង ខៀវ សានសាណា។ ក្នុងនោះ មហាជនបានលើកឡើងថា ក្រៅពីឱកាសចូលរួមមង្គលការរបស់ ហេង វិសាល និង ជា ស្រីនា ជាមួយគ្នា គេហាក់សង្កេតឃើញថា អ្នកនាង ខៀវ សានសាណា គឺជាបុគ្គលមួយរូប ជាអ្នកសម្របសម្រួល បង្កើតឱកាសឱ្យតារាចម្រៀងរ៉េបទាំង ២ បានជួបជជែកគ្នា៕