Kim Sae Ron និយាយយ៉ាងរាក់កំភែលប៉ុន្មានម៉ាត់ ជុំវិញរឿងសុខៗផុសរូបស្និទ្ធជាមួយ Kim So Hyun ហើយលុបចេញវិញ
កាលពីថ្មីៗកន្លងទៅនេះ មានការផ្ទុះចចាមអារ៉ាមជាខ្លាំងទៅលើរឿងរ៉ាវទំនាក់ទំនងរវាង Kim Sae Ron និង Kim So Hyun ក្រោយពីនៅសុខៗនាងបានផុសរូបស្និទ្ធស្នាលមួយសន្លឹកជាមួយខាងប្រុសនៅក្នុងគណនីរបស់ខ្លួន រួចក៏បានលុបទៅវិញភ្លាមៗ។
ក្នុងនោះ រឿងរ៉ាវមួយនេះបានធ្វើឱ្យក្លាយទៅជាចចាមអារ៉ាមថា ពួកគេពីរនាក់កំពុងតែទាក់ទងគ្នា ហើយវាក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនមិនពេញចិត្តយ៉ាងខ្លាំង ព្រោះតែខណៈនេះ Kim So Hyun កំពុងតែបង្ហាញខ្លួននៅក្នុងរឿងកំពុងល្បីមួយ មិនគួរណានាងនៅសុខៗមកទម្លាយរូបភាពបែបនេះឡើយ។ ម្យ៉ាងទៀត នាងខ្លួនឯងផ្ទាល់ក៏កំពុងតែជាប់រឿងអាស្រូវស្រវឹងបើកបរមិនទាន់ដាច់ស្រេចផង។
យ៉ាងណាមិញ ខាងផលិតកម្មរបស់ Kim So Hyun បានចេញមុខឱ្យដឹងថា លោកមិនមានទំនាក់ទំនងអ្វីមួយនឹង Kim Sae Ron នោះទេ រូបភាពខាងលើនេះ បានថតជាយូរណាស់មកហើយ តាំងតែពួកគេទាំងពីរធ្លាប់នៅផលិតកម្មជាមួយគ្នាឯណោះ ហើយគេក៏មិនដឹងនាងផុសរូបនេះក្នុងបំណងអ្វីដែរ។ ដោយឡែក សម្រាប់ Kim Sae Ron ក្រោយពីកើតរឿងរ៉ាវ នាងបានសន្យានាងនឹងចេញបកស្រាយជាផ្លូវការផងដែរ ប៉ុន្តែនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ នេះ នៅសុខៗក៏បានប្រកាសថា នាងសម្រេចចិត្តថានឹងមិននិយាយអ្វីទាំងអស់ទាក់ទងជាមួយរឿងនេះទៅវិញ។ ចំណែកមហាជនពិតជាមានការហួសចិត្តយ៉ាងខ្លាំង ព្រោះមិនដឹងថានាងចង់បានអ្វីឱ្យប្រាកដ តែគេក៏សង្ឃឹមថានឹងអាចមានចំណាត់ការណាមួយទៅលើនាងផងដែរ៕