លែងលះស្វាមី ១ ឆ្នាំហើយ Pin អតីតភរិយា J-Jetrin ទើបបើកចិត្តនិយាយពីជីវិតគ្រួសារ ដែលឈានដល់ការលែងលះគ្នា
ប្រិយមិត្តបានដឹងរួចមកហើយថា តារាសម្ដែងជើងចាស់ Pin Kejmanee និង តារាចម្រៀង Jay Jetrin ធ្លាប់ជាគូស្វាមីនឹងគ្នា ដោយអ្នកទាំងពីរក៏មានចំណងដៃកូនប្រុសដល់ទៅ ៣ នាក់ផងដែរ ដោយម្នាក់ៗសុទ្ធតែមានរូបសម្រស់ស្រស់សង្ហា។
យ៉ាងណាមិញ បើត្រឡប់ក្រោយបន្តិចកាលពី ១ ឆ្នាំមុន មានព័ត៌មានជាច្រើនបានចុះផ្សាយពីបញ្ហារបស់គូស្វាមីមួយគូនេះ ដែលថាតារាសម្ដែងស្រី Pin និង លោក Jay Jetrin អាចនឹងលែងលះគ្នា រហូតដល់ពេលមួយតារាស្រី Pin ក៏បាននិយាយថាវាជារឿងពិតប្រាកដដែលនាងបានលែងលះជាមួយនឹងលោក Jay Jetrin តែចំពោះបញ្ហាអ្វី រូបនាងសូមមិនបញ្ជាក់ឡើយ។
ក្រោយពីលែងលះជាមួយលោក Jay Jetrin បាន ១ ឆ្នាំ នៅទីបំផុតតារាសម្ដែងស្រី Pin Kejmanee បានបើកចិត្តនិយាយពីរឿងរ៉ាងទាំងអស់ នៅក្នុងកម្មវិធី «Woody FM Special» កាលពីពេលថ្មីៗនេះ ដោយរូបនាងមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការលែងលះឡើយ តែនាងនិយាយថា ៖ «រឿងគ្រប់យ៉ាងវាកើតឡើងមកជាយូរហើយ មិនមែនទើបនឹងកើតឡើង ហើយធ្វើការសម្រេចចិត្តលែងលះនោះទេ ខំទ្រាំខ្លាំងណាស់ក៏ព្រោះតែចង់ឱ្យគ្រួសារមួយនេះមានភាពពេញលេញ»។
តារាសម្ដែងស្រី Pin Kejmanee ក៏បានបន្តទៀតថា ៖ «សម្រាប់កូនៗទាំង ៣ នាក់ក៏បានដឹងរឿងរ៉ាវគ្រប់យ៉ាងដែរ ហើយពួកយើងក៏ធ្លាប់និយាយគ្នាច្រើនដងផងដែរ តែអ្វីដែលកូនៗបានសុំនោះគឺអាចចាំដល់ពួកគេរៀនដល់មហាវិទ្យាល័យសិន ព្រោះចង់ផ្ដោតអារម្មណ៍ទៅលើការសិក្សា និង ការងារ»៕