Michael ចេញមុខសុំទោសជាសាធារណៈ ក្រោយការប៉ះទង្គិចគ្នាជាមួយ Pop លើទីលានបាល់ថ្ងៃខួបប៉ុស្តិ៍លេខ ៣
កាលពីថ្មីៗនេះ ស្ថានីយទូរទស្សប៉ុស្តិ៍លេខ ៣ ថៃ បានរៀបចំកម្មវិធីប្រារពខួបលើកទី ៥៤ យ៉ាងអធិកអធម ដោយមានការប្រមូលផ្តុំតារាប្រចាំប៉ុស្តិ៍លេខ ៣ ជាច្រើនដើម្បីចូលរួមអបអរ ក៏ដូចជាលេងហ្គេមសប្បាយៗជាច្រើន។
ជាមួយគ្នានោះដែរ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាទីបំផុតនោះគឺ ការប្រកួតបាល់ទាត់រវាងតារាប្រចាំប៉ុស្តិ៍លេខ ៣ ទាំងអស់ ដែលមើលទៅមិនត្រឹមតែសប្បាយរំភើបនោះទេ តែក៏ភ័យបុកពោះផងដែរ បន្ទាប់ពីបានឃើញការប្រកួតគ្នាយ៉ាងស្វិតស្វាញដើម្បីដណ្តើមពាន។ ទោះយ៉ាងណា ខណៈប្រកួតយ៉ាងស្វិតស្វាញនោះដែរ ឃើញមានតារាប្រុសពីរដួងបានប៉ះទង្គិចគ្នា គឺតារាប្រុស Michael និង តារាប្រុស Pop។
ខណៈពេលប្រកួតបាល់ទាត់ Michael បានទាត់ចំពីក្រោយ Pop ធ្វើឱ្យដួលពេញមួយទំហឹងទ្រោបទៅនឹងដី ដែលរូបភាពមួយនេះពិតធ្វើឱ្យអ្នកគាំទ្ររបស់ Pop ជាច្រើនសម្តែងការមិនពេញចិត្ត រហូតធ្វើឱ្យតារាប្រុស Michael ចេញមុខបង្ហោះសុំទោសភ្លាមៗដល់ Pop និង អ្នកគាំទ្រ Pop ដោយ Michael បាននិយាយថា លោកគ្មានចេតនានោះទេ តែដោយសារពេលនោះរត់លឿនទប់មិនជាប់ទើបបណ្តាលឱ្យបែបនេះ។ ក្រោយរឿងនោះកើតឡើងហើយ លោកក៏មិនសប្បាយចិត្តដូចគ្នា ហើយលោកសង្ឃឹមថា អ្នកគាំទ្រទាំងអស់នឹងអនុគ្រោះចំពោះរឿងអចេតនាមួយនេះ៕