អ្នកធ្វើឈុតតំណាងជាតិឱ្យ ល្អហួស បង្ហើបពីខ្ទង់ចំណាយលើឈុតមួយនេះ អស់ក្រាស់គួរសម
តាមរយៈឈុតតំណាងជាតិទើបតែបង្ហាញ គ្រងដោយ ល្អហួស Miss Preteen International Cambodia 2023 មហាជននៅលើបណ្តាញសង្គមមានការចាប់អារម្មណ៍ និងសរសើរយ៉ាងខ្លាំង ដោយសារឈុតលើកនេះមើលទៅមានលក្ខណៈប្រណីត និងឥតខ្ចោះបំផុត។
តាមរយៈការបង្ហោះនៅលើផេកហ្វេសប៊ុករបស់ ល្អហួស ឈុតតំណាងជាតិនេះមានឈ្មោះថា «អធិរាជិនីហង្សាវតីស្រីកម្ពុជា» ដែលអត្ថន័យនៃឈ្មោះនេះមានន័យថា «កំពូលក្សត្រិយ៍នៃអម្បូររាជហង្សដែនកម្ពុជា»។
ជាមួយឈុតដ៏ប្រណីត ដែល ល្អហួស នឹងគ្រងតំណាងឱ្យកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ ត្រូវបានធ្វើឡើងយ៉ាងផ្ចិតផ្ចង់ និងប្រើពេលច្រើនជាងឈុតកន្លងមក។ ជាក់ស្តែង តាមការរៀបរាប់របស់ អ្នកដំឡើងឈុតដ៏ល្បីឈ្មោះ លោក ស្ករគ្រាប់ ឬមានឈ្មោះពិតថា ជួប វិចិត្រ លោកបានប្រាប់ «ប្រជាប្រិយ» ថា ឈុតតំណាងជាតិនេះ លោកចាយពេលដំឡើងយូរគួរសម ពោលប្រមាណ ២ ទៅ ៣ ខែ ដោយសារតែឈុតមានលក្ខណៈទ្រង់ទ្រាយធំ ឌិនលម្អិតខ្លាំង ជាពិសេសប្រើសន្លឹកមាសបិតសព្វសាច់ត្រង់កន្លែងមានពណ៌មាសតែម្តង។
ចំណោមគ្រឿងបំពាក់លើតួខ្លួន លោកថាចំណុចដែលពិបាកជាងគេគឺត្រង់ស្លាប។ លោកត្រូវធ្វើយ៉ាងណាឱ្យស្លាបមើលទៅមិនរឹង ហើយមានភាពរស់រវើក។ លោកថាគ្រាន់តែស្លាបមានទម្ងន់ដល់ទៅ ១០ គីឡូ។ បើសរុបទាំងគ្រឿងផ្សេងៗបំពាក់លើដងខ្លួន រួមទាំងមកុដផងនោះ មានទម្ងន់ប្រហែល ៣០ គីឡូ។
អ្នកច្នៃម៉ូដ ស្ករគ្រាប់ ថាលោកព្យាយាមធ្វើយ៉ាងឱ្យឈុតនេះមើលទៅដូចរូបគំនូរដែលគូរម៉ូដបំផុត។ ហើយជាលទ្ធផល គ្រាន់តែឈុតបង្ហាញនៅលើបណ្តាញសង្គមភ្លាម មានការស្ងើចសរសើរ និងគាំទ្រចែករំលែកលើសពីការរំពឹងទុក។ ចំពោះឈុតតំណាងជាតិដ៏ប្រណីតដែលនឹងបង្អួតភ្នែកអន្តរជាតិនាពេលឆាប់ៗខាងមុខនេះ អ្នកដំឡើងឈុត ស្ករគ្រាប់ បង្ហើបថា វាបានចំណាយទឹកប្រាក់ធ្វើប្រមាណជាង ៣ ពាន់ដុល្លារ៕