ឡូយណាស់! អ្នកផាត់មុខកូនខ្មែរ Apple បង្ហាញស្នាដៃក្នុងកម្មវិធី Los Angeles Fashion Week 2024
ដូចដែលប្រិយមិត្តមួយចំនួនធ្លាប់បានដឹងរួចមកហើយនៅអ្នកនាង ឌូ ពុធម៉ូលីតា ហៅ Apple ដែលជាអ្នកផាត់មុខកូនខ្មែរដ៏ល្បីមួយរូប នៅឯសហរដ្ឋអាមេរិក ដោយរាល់ថ្វីដៃរបស់អ្នកនាង គឺមួយៗសុទ្ធតែមានភាពទាក់ទាញប្លែកភ្នែក និង ទទួលបានការសរសើរពីមហាជនគ្រប់ស្រទាប់។
ដោយឡែកនាពេលថ្មីៗនេះ អ្នកផាត់មុខដ៏ជំនាញ Apple បានធ្វើឱ្យមហាជនខ្មែរភ្ញាក់ផ្អើល និង កោតសរសើរលើរូបនាងជាថ្មីម្ដងទៀតហើយ ដោយនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ កូនខ្មែររូបនេះ បានបង្ហាញស្នាដៃការផាត់មុខ ក្នុងកម្មវិធី Los Angeles Fashion Week 2024 ថ្ងៃទី ៣ រៀបចំដោយ Art Hearts Fashion។
ក្នុងនោះ អ្នកនាង Apple គឺជាកូនខ្មែរមួយរូប ដែលស្ថិតក្រោយភាពស្រស់ស្អាតរបស់តារាបង្ហាញម៉ូដ ប្រុសស្រីជាច្រើនរូប ជាអ្នកផាត់មុខ ក្នុងចំណោមអ្នកផាត់មុខល្បីៗក្រៅប្រទេសផ្សេងទៀត។ បន្ថែមពីនោះ អ្នកនាង Apple ប្រាប់មកកាន់ ប្រជាប្រិយ ថា ៖ «អ្នកនាងបានផាត់មុខដល់អ្នកដើរម៉ូដប្រមាណ ១០ នាក់ ហើយតារាបង្ហាញម៉ូដខ្លះ បានផាត់មុខ ២ ដង ដើម្បីផ្លាស់ប្តូរទៅតាមម៉ូដសម្លៀកបំពាក់»។
គួរបញ្ជាក់ថា កម្មវិធី Los Angeles Fashion Week 2024 បានរៀបចំរយៈពេល ៣ ថ្ងៃ ដោយក្នុងនោះ អ្នកនាង Apple បានបង្ហាញស្នាដៃផាត់មុខនៅថ្ងៃចុងក្រោយ ពោលគឺថ្ងៃទី ៣៕