អីយ៉ាស់! «បុណ្យភូមិ» ឆ្នាំ ២០២៤ ចាប់ផ្តើមដើមខែមេសា រីឯរូបតំណាង ជាស្នាដៃកូនខ្មែរកម្ពុជាក្រោម
មហាជនជាច្រើនច្បាស់ជាបានជ្រាបហើយ ឱ្យតែកៀកថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ «បុណ្យភូមិ» ដែលជាមហោស្រពសិល្បៈដ៏សម្បូរបែប ក៏តែងរៀបចំជារៀងរាល់ឆ្នាំផងដែរ។ ក្នុងឆ្នាំនេះ គឺជាឆ្នាំទី ១១ ហើយ ដែលកម្មវិធី «បុណ្យភូមិ» បានបង្ហាញវត្តមាន។
ជាការពិត ពីមួយឆ្នាំទៅមួយឆ្នាំ មហោស្រពសិល្បៈ បុណ្យភូមិតែងតែត្រឡប់មកវិញ ជាមួយរូបតំណាងនៃឆ្នាំនីមួយៗ ដែលជាការកែច្នៃថ្មី និង រចនាឡើងដោយកូនខ្មែរពិតៗ។ អ្វីកាន់តែពិសេសនៅក្នុងឆ្នាំនេះ ស្នាដៃរូបនិមិត្តតំណាងឱ្យ មហោស្រពសិល្បៈ បុណ្យភូមិ ២០២៤ នេះ គឺជាស្នាដៃរបស់យុវជនខ្មែរកម្ពុជាក្រោម ដែលនិមិត្តតំណាងនោះមានឈ្មោះថា «អង្គព្រះនាងសោមា»។
រូបនិមិត្ត ថ្មីនៃមហោស្រពសិល្បៈ និង វប្បធម៌បុណ្យភូមិ ២០២៤ «អង្គព្រះនាងសោមា» ដែលនឹងរៀបចំនៅថ្ងៃទី ០៥, ០៦ និង ០៧ ខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ គឺជាស្នាដៃសិល្បករខ្មែរ កម្ពុជាក្រោម គឺលោក ស៊ី ម៉េត ដែលបានរចនាឡើង បញ្ជាក់ពីការសាទរ និង រំឭកដល់ការកកើតនៃទឹកដីដ៏អស្ចារ្យ ក្រោមការគ្រប់គ្រង និង ដឹកនាំរបស់ ព្រះនាងសោមា។
ក្នុងនោះ រូបនិមិត្តនេះ បានរចនាឡើងលោមព្រះកាយព្រះនាងសោមា ដោយ នាគរាជ នៃឆ្នាំរោង ក្នុងពុទ្ធសករាជថ្មី និង តំណាងឱ្យភាពមុះមុត អង់អាចក្លាហាន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ រូបនិមិត្ត «អង្គព្រះនាងសោមា» បានរចនាឡើងយ៉ាងល្អិតល្អន់នៃក្បាច់ក្បូររបស់ខ្មែរ ដោយព្រះមាតានាគបានរំលេចនូវផ្កាកេសរកូល (ផ្កា អ័រគីដេ) ដែលជាផ្កាលេចចេញជាយូរមកហើយនៅទឹកដីខ្មែរ។
បើតាមការឱ្យដឹងពី លោក ស៊ី ម៉េត យុវជនខ្មែរកម្ពុជាក្រោម អ្នករចនារូបនិមិត្តខាងលើនេះ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោកថា៖ «ពីមុនខ្ញុំមើលគំនូររបស់បុណ្យភូមិ ខ្ញុំប្រាថ្នាថាខ្ញុំមានឱកាសក្លាយជាសិល្បករឌីជីថលគូរសម្រាប់កម្មវិធីបុណ្យភូមិ ឥលូវនេះខ្ញុំបានធ្វើបានហើយ…»។
លើសពីនោះ លោកបន្តពីការលើកយកការរចនារូប ព្រះមាតានាគ មកជារូបនិមិត្តថា៖ «…នាងនាគ វិលត្រលប់មកវិញម្តងទៀតហើយ នឹងកក្រើកដែនដី អាណាចក្រ មហានគរមួយនេះវិញ។ នាងនាគ ភ្ញាក់ ហើយ គ្រប់សេចក្តីនឹករឭករបស់មនុស្សលោកទាំងឡាយ ធ្វើឱ្យ នាងនាគ កក្រើកឡើងម្តងទៀត ។ ក្នុង បច្ចុប្បន្ន ខ្មែរសព្វថ្ងៃ នៅតែមិនជឿថាមាននាគ ប៉ុន្តែក្នុងជំនាន់ព្រះបាទជ័យវរ្ម័ន ទី ២ គឺ ទ្រង់គោរពស្តេច នាគខ្លាំងណាស់ ហើយបណ្តាំ នាងនាគ បានផ្តាំថាមនុស្សលោកចង់ស្គាល់ នាងនាគ លុះត្រាតែមនុស្សយល់អត្ថន័យលើសិលាចារឹក ដែលបានចារ ព្រោះ នាងនាគ ដឹងច្បាស់ណាស់ថា ពេលអនាគតមនុស្ស នឹងភ្លេច នាងនាគ»។
គួរបន្ថែមថា «អង្គព្រះនាងសោមា» គឺជារូបតំណាងឱ្យមហោស្រពសិល្បៈ បុណ្យភូមិលើកទី ១១ ដោយកាលពីឆ្នាំទី ១០ រូបតំណាងឱ្យបុណ្យភូមិគឺជា «ទេវតាទន្សាយ» ដែលជាការរចនាឡើងដោយយុវជន សេរី (សុបិន្ត)។ បុណ្យភូមិឆ្នាំនេះ នឹងរៀបចំឡើងនៅថ្ងៃទី ០៥ ០៦ ០៧ ខែមេសា ២០២៤ ជាមួយនឹងសកម្មភាព ទស្សនីយភាព ការដាក់តាំងបង្ហាញស្នាដៃសិល្បៈ ផ្សេងៗជាច្រើន៕