ចូលរួមសោកស្ដាយ! Chan Dick Hark តារាជើងចាស់ប្រចាំ TVB ទទួលមរ-ណ-.ភាពហើយក្នុងវ័យ ៧៦ ឆ្នាំ
ជាដំណឹងដ៏សោកសៅមួយសម្រាប់ប្រិយមិត្តអ្នកនិយមទស្សនាខ្សែភាពយន្តហុងកុង ក៏ដូចជាអ្នកគាំទ្រតារាប្រចាំទូរទស្សន៍ TVB ដោយតារាសម្ដែងជើងចាស់ Chan Dick Hark ដែលភាគច្រើនសម្ដែងតែជាតួអង្គចិត្តអាក្រក់នោះ បានទទួលមរណភាពហើយ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅក្នុងវ័យ ៧៦ ឆ្នាំ។
បើតាមការចេញផ្សាយរបស់សារព័ត៌មានហុងកុង ST Headlines កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ បានឱ្យដឹងថា មិត្តភក្តិរបស់តារាជើងចាស់ Dick Hark បានប្រាប់អ្នកសារព័ត៌មានថា តារាប្រុសរូបនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ពេលដែលលោកមានអាការមិនស្រួល។ លោកបានរៀបរាប់ថា៖ «ពួកយើងធ្លាប់បានធ្វើការ និង លេងជាមួយគ្នា ហើយពួកយើងក៏ជាមិត្តល្អនឹងគ្នា។ ខ្ញុំបានទាក់ទងទៅប្រពន្ធគាត់ ដែលគេបានប្រាប់ខ្ញុំថា គាត់បានផុតទៅហើយនៅថ្ងៃទី ១៥។ គាត់ធម្មតាមានសុខភាពល្អណាស់ ហើយពួកយើងក៏ទើបតែជួបគ្នាផឹកតែ កាលពីប៉ុន្មានខែមុនដែរ»។
គួរបញ្ជាក់ផងដែរថា តារាជើងចាស់ Chan Dick Hark គឺជាតារាដែលមានទេសកោសល្យមួយរូប តែងតែឃើញវត្តមានសម្ដែងក្នុងរឿងល្បីៗរបស់ TVB មិនសូវជាបាត់មុខឡើយ។ ដំណឹងនៃការចាកចេញគ្មានថ្ងៃត្រឡប់របស់លោកនេះដែរ បានធ្វើឱ្យអ្នកគាំទ្ររបស់លោកជាច្រើន សម្ដែងការរំលែកទុក្ខ និង សោកស្ដាយចំពោះលោកជាពន់ពេក៕