ទីបំផុត! Hyeri ចេញមុខនិយាយហើយ ជុំវិញរឿងស្នេហាថ្មីរបស់សង្សារចាស់
នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ នេះ តារាសម្ដែងស្រី Hyeri បានចេញមុខនិយាយហើយ ជុំវិញរឿងរ៉ាវជាច្រើន ពាក់ព័ន្ធទៅនឹងអ្វីដែលនាងបានបង្ហោះលើ Story IG ក៏ដូចជារឿងរ៉ាវស្នេហារវាងនាង និងគូស្នេហ៍ចាស់ Ryu Jun Yeol។ តាមការទម្លាយយ៉ាងវែងអន្លាយនោះដែរ Hyeri បានរៀបរាប់ថា នាង និង Ryu Jun Yeol បានព្រមព្រៀងនិយាយគ្នាបន្ថែមពីទំនាក់ទំនងរបស់ពួកគេ បើទោះក្រោយសារព័ត៌មានទម្លាយថាពួកគេបានចែកផ្លូវគ្នាក៏ដោយ ហើយក្រោយការចែកផ្លូវគ្នា ពួកគេគឺមិនដែលជួបគ្នានោះឡើយ។
តាមរយៈសារដែលបង្ហោះលើ Instagram បានរៀបរាប់ថា៖
«សួស្ដី! នេះគឺ Hyeri
ជាដំបូង ខ្ញុំចង់ធ្វើការសុំទោសចំពោះការវែកញែក និងមតិប្រតិកម្មជាច្រើនដែលបណ្ដាលមកពីអារម្មណ៍របស់ខ្ញុំ។ នៅពេលនោះ ខ្ញុំមិនដឹងថា រាល់ទង្វើតិចតួចរបស់ខ្ញុំនេះ បានបង្កទៅជារឿងរ៉ាវបែបនេះឡើយ។ ខ្ញុំពិតជាសុំទោសអស់ពីចិត្តទៅកាន់អ្នកដែលរងការប៉ះពាល់ដោយទង្វើរបស់ខ្ញុំ។
កាលពីខែវិច្ឆិកាកន្លងទៅ សារព័ត៌មានបានចេញផ្សាយថា ទំនាក់ទំនងស្នេហា ៨ ឆ្នាំរបស់ខ្ញុំត្រូវបានបញ្ចប់។ ការសម្រេចចិត្តបញ្ចប់ទំនាក់ទំនងរបស់យើងនេះ គឺមិនមែនធ្វើឡើងភ្លាមៗនោះឡើយ ហើយសូម្បីតែក្រោយព័ត៌មានចេញផ្សាយ ពួកយើងក៏នៅតែពិភាក្សាគ្នាពីទំនាក់ទំនងរបស់យើងដែរ។
យ៉ាងណាមិញ ក្រោយនិយាយគ្នាចប់ ពួកយើងក៏មិនដែលបានជួបគ្នា និងនិយាយគ្នាអ្វីទៀតនោះដែរ។ ខ្ញុំគិតថា នៅពេលដែលខ្ញុំអាចព័ត៌មាន (ជុំវិញទំនាក់ទំនងស្នេហាថ្មីរបស់គាត់) ដែលចេញ ៤ ខែក្រោយមកនេះ ខ្ញុំក៏ទទួលព័ត៌មាននេះក្នុងនាមជា Lee Hyeri ជាមនុស្សធម្មតាម្នាក់ ជាជាងខ្លួនឯងជាតារាសម្ដែង។ ជាថ្មីម្ដងទៀត ខ្ញុំចង់ធ្វើការសុំទោស ដែលខ្ញុំបានបង្កឱ្យមានការប៉ះពាល់ ដោយសារតែអារម្មណ៍របស់ខ្ញុំ។
មូលហេតុដែលខ្ញុំស្ងៀមស្ងាត់ចំពោះបញ្ហានេះ គឺដោយសារតែការសន្ទនារបស់យើងជារឿងផ្ទាល់ខ្លួន ហើយខ្ញុំមានអារម្មណ៍ថា វាកាន់តែធ្វើឱ្យហត់នឿយបន្ថែមទៀត។ ខ្ញុំសូមសុំទោសម្ដងទៀតចំពោះអ្នកដែលមានការយល់ច្រឡំដោយសារតែភាពស្ងប់ស្ងាត់របស់ខ្ញុំ។
នៅថ្ងៃមុខ ខ្ញុំនឹងមានការប្រុងប្រយ័ត្នជាងនេះជាមួយទង្វើ និងពាក្យសម្ដីរបស់ខ្ញុំ»៕