ទីបំផុត! រឿងក្ដីក្ដាំលែងលះរបស់ Angelina និង Brad Pitt ជិតឈានដល់ទីបញ្ចប់ហើយ ក្រោយចម្រូងចម្រាសអស់រាប់ឆ្នាំ
នៅទីបំផុត ជម្លោះរឿងក្ដីលែងលះគ្នារយៈពេល ៨ ឆ្នាំរវាងតារាហូលីវូដ Angelina Jolie និងលោក Brad Pitt ជិតឈានដល់ទីបញ្ចប់ហើយ ដោយតារាស្រី Angelina នៅតែទទួលបានសិទ្ធិមើលថែទាំកូនៗ ខណៈ Brad Pitt ឈ្នះលើជម្លោះអចលនទ្រព្យ។
តាមការចេញផ្សាយរបស់ US Weekly កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ បានឱ្យដឹងថា ដំណើរការចរចាគ្នារវាងតារាប្រុស Brad Pitt និងតារាស្រី Angelina Jolie គឺពិតជាពិបាកខ្លាំង ប៉ុន្តែភាគីទាំងពីរ ក៏បានធ្វើការប្រគល់ឯកសាររួចរាល់ទាក់ទងនឹងការបែងចែកទ្រព្យសម្បត្តិទៅកាន់តុលាការហើយ កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ។ ជាក់ស្ដែងបើតាមប្រភពមួយបានទម្លាយថា៖ «Brad Pitt គ្រាន់តែចង់បន្តការរស់នៅជីវិតរបស់លោកឱ្យបានស្រួលប៉ុណ្ណោះ។ សម្រាប់លោក ក្នុងដំណាក់កាលចុងក្រោយនេះ វាប្រៀបដូចជាការដកបន្លាចេញពីទ្រូង ដោយអ្វីៗជិតត្រូវបានបញ្ចប់»។
បើតាមប្រភពខ្លះបានលើកឡើងថា តារាស្រី Angelina Jolie បច្ចុប្បន្នគឺនៅបន្តមើលថែកូនស្រី Shiloh និង កូនភ្លោះ Vivienne-Knox ដែលពួកគេនៅមិនទាន់គ្រប់វ័យ ១៨ ឆ្នាំ ហើយចំពោះលោក Brad Pitt គឺនៅតែអនុញ្ញាតឱ្យទៅលេងកូនៗរបស់លោកបានដដែល។ ចំណែកឯ Maddox (អាយុ ២២ ឆ្នាំ) Pax (អាយុ ២០ ឆ្នាំ) និង Zahara (អាយុ ១៩ ឆ្នាំ) ដោយសារពួកគេមានវ័យជំទង់ហើយនោះ ដូចនេះគឺមិនត្រូវការអាណាព្យាបាលមើលថែទាំទៀតឡើយ ហើយពួកគេក៏មានសិទ្ធិសម្រេចចិត្តថាចង់ជួបឪពុករបស់ពួកគេ ឬក៏អត់ដែរ។
គួរឱ្យដឹងថា បើតាមព័ត៌មានពី US Weekly តារាប្រុស Brad Pitt តាមពិតទៅគឺមិនសូវជាពេញចិត្តនៅការកាត់ក្ដីចុងក្រោយនេះប៉ុន្មានទេ ប៉ុន្តែលោកព្រមទទួល ព្រោះតែលទ្ធផលគឺតារាស្រី Angelina មិនបានឈ្នះក្ដីទាំងស្រុង។ យ៉ាងណាមិញ លោកនៅតែខកចិត្ត ព្រោះតែមិនអាចជួបកូនៗញឹកញាប់ ដើម្បីបង្កើនទំនាក់ទំនងជាមួយពួកគេឱ្យជិតសិទ្ធិ៕