៣ រឿងនេះហើយ ដែលកំពូលតារាទេពកោសល្យ ស្វែង សុជាតា ធ្លាប់សម្តែងក្រោមការដឹកនាំដោយបរទេស មួយរឿងៗល្បីណាស់
ជាការពិតណាស់ មហាជនអ្នកគាំទ្រតារាសម្តែង ស្វែង សុជាតា ច្បាស់ជាបានជ្រាបមកហើយពីទេពកោសល្យសម្តែងតួអង្គគ្រប់ទម្រង់របស់អ្នកនាងយ៉ាងល្អឥតខ្ចោះ ដែលធ្វើឱ្យអ្នកនាងក្តោបបានប្រជាប្រិយភាព និង ត្រូវបានចាត់ទុកជាតារាសម្តែងស្រីកម្ពុជាកម្រនឹងមានអ្នកធ្វើតាមបាន។ អ្នកនាង ស្វែង សុជាតា មិនត្រឹមតែទទួលបានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជានោះទេ អ្នកនាងក៏ជាតារាសម្តែងដែលល្បីសុសសាយលើឆាកអន្តរជាតិផងដែរ។
ជាក់ស្តែងកន្លងមក មហាជនជាច្រើនធ្លាប់បានជ្រាបហើយថា អ្នកនាង ស្វែង សុជាតា ធ្លាប់បានចូលរួមសម្តែងរឿង «First They Killed My Father» ដែលដឹកនាំសម្តែងដោយតារាហូលីវូដ អ្នកនាង Angelina Jolie ហើយខ្សែភាពយន្តនេះល្បីរន្ទឺទាំងក្នុង និង ក្រៅប្រទេសទៀតផង។
យ៉ាងណាមិញ ក្រៅពីរឿង «First They Killed My Father» អ្នកនាង ស្វែង សុជាតា ក៏ធ្លាប់បានចូលរួមសម្តែងខ្សែភាពយន្តរន្ធត់ ដឹកនាំដោយបរទេសចំនួន ២ រឿងផ្សេងទៀត រួមមានរឿង «Mind Cage» ដែលជាការដឹកនាំដោយលោក Amit Dubey និង រឿង «Hex» ដឹកនាំដោយលោក Rudolf Buitendach។
គួរបន្ថែមថា រឿង «Mind Cage» បានផលិតឡើងកាលពីឆ្នាំ ២០១៧ និង រឿង «Hex» ក្នុងឆ្នាំ ២០១៨ ហើយរឿងទាំង ២ នេះ ថតនៅក្នុងប្រទេសកម្ពុជា ព្រមទាំងមានការចូលរួមសម្តែងពីតារាប្រុសស្រីបរទេស និង កម្ពុជាជាច្រើនរូបទៀតដែរ។ ជាងនេះទៅទៀត ក្នុងរឿង «Mind Cage» អ្នកនាង ស្វែង សុជាតា ក៏ទទួលបានពានរង្វាន់តារាសម្ដែងល្អបំផុតក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំ ២០១៧ ផងដែរ៕