សរសើរទឹកដៃយុវជន វ៉ាត វ៉ាន់ បង្ហាញស្នាដៃផាត់មុខឱ្យតួអង្គរឿង «អ្នកម្តាយ Zombie» ដូចពិតៗ
ប្រិយមិត្ត ប្រាកដជាបានស្គាល់ហើយនៅសិល្បករកូនខ្មែរមួយរូបមានវ័យ ២៥ ឆ្នាំ ចាប់កំណើតលើទឹកដីខេត្ត ព្រៃវែង ដែលមានជំនាញផ្នែកសិល្បៈគំនូរផាត់មុខបែបប្លែកៗច្នៃប្រតិដ្ឋ Special Effects នៅលើមុខ និង ដងខ្លួន នោះគឺយុវជន វ៉ាត វ៉ាន់។ យុវជនរូបនេះបានចាប់ផ្តើមស្រឡាញ់ខាងការផាត់មុខបែបប្លែកៗ ហើយចេះតែស្រាវជ្រាវរៀនសូត្រធ្វើវាដោយខ្លួនឯងនៅក្នុងអំឡុងឆ្នាំ ២០១៨ មកម្ល៉េះ។
ជារឿយៗ លោកតែងតែបង្កើតសិល្បៈផាត់មុខប្លែកៗ បង្ហាញអំពីការលើកស្ទួយទៅលើសិល្បៈវប្បធម៌ ដែលទទួលបានការគាំទ្រជាហូរហែគួរឱ្យកត់សម្គាល់។ បច្ចុប្បន្នសង្កេតឃើញថា ការផាត់មុខបែបនេះជាសិល្បៈមួយដែលកំពុងតែទទួលបានការពេញនិយម ជាពិសេសវាកំពុងតែត្រូវប៉ាន់នៅលើឧស្សាហកម្មភាពយន្តផងដែរ។
អ្វីដែលសំខាន់ ថ្មីៗនេះ លោកបានចូលរួមផាត់មុខឱ្យតួអង្គនៅក្នុងរឿងខ្លីបែបរន្ធត់មួយមានចំណងជើងថា «អ្នកម្តាយ Zombie» ដែលការផាត់នេះមើលទៅដូចពិតៗខ្លាំងណាស់ រហូតទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជននៅលើបណ្តាញសង្គម។ ក្រៅពីសិល្បៈនៃការផាត់មុខលោក វ៉ាត វ៉ាន់ ក៏មានសម្ថតភាពអាចច្រៀង រាំ និង សម្តែងទៀតផង៕