(វីដេអូ) មហាជនរំជួលចិត្ត ក្រោយឃើញសិល្បករអាយ៉ៃជើងចាស់ យាយយ៉យ និង យាយ ណយ សំណាង យំឱបគ្នា
សិល្បៈអាយ៉ៃឆ្លើយឆ្លងនាពេលបច្ចុប្បន្នហាក់ដូចជាស្ងប់ស្ងាត់ ខណៈដែលសង្គមកាន់តែវិវឌ្ឍទៅរកភាពស៊ីវិល័យ។ ក្នុងនោះ សិល្បៈចម្រៀងឆ្លើយឆ្លងមួយនេះ ភាគច្រើនបានទស្សនាតាមរយៈរោងការ ឬ រោងបុណ្យ ក៏ដូចកម្មវិធីជាតិប៉ុណ្ណោះ ដោយពេលនេះពុំសូវទទួលបានការនិយមប៉ុន្មានឡើយ។
ដោយឡែក ក្រឡេកទៅមើលសិល្បការិនីផ្នែកចម្រៀងអាយ៉ៃនេះក៏ពុំសូវមានច្រើនដែរ ដោយសព្វថ្ងៃគេឃើញតែសិល្បៈជើងចាស់ប៉ុន្មានរូបប៉ុណ្ណោះតែបន្តរក្សាមកដល់បច្ចុប្បន្ន នោះគឺលោកយាយ យ៉យ និង លោកយាយ ណយ សំណាង ដែលពេលនេះលោកទាំងពីរក៏សុទ្ធតែមានវ័យចំណាស់អស់ទៅហើយ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្នុងថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ បាននាំចិត្តប្រិយមិត្តឱ្យកើតក្តីរំជួលចិត្តស្ទើរគ្រប់គ្នា បន្ទាប់ពីបានឃើញវីដេអូសិល្បការិនីអាយ៉ៃជើងចាស់ទាំងពីរដួងគឺលោកយាយ នួន សារី ហៅយាយ យ៉យ និង លោកយាយ ណយ សំណាង យំឱបគ្នាខណៈសាកសួរពីសុខទុក្ខពីគ្នាក្នុងឱកាសជំនួបសិល្បករនៃទិវាវប្បធម៌ជាតិឆ្នាំ ២០២៤។
តាមវីដេអូនោះ គេឃើញថាមហាជនកើតក្តីអាណិតជាពន់ពេកចំពោះសិល្បករអាយ៉ៃជើងទាំងពីរដែលមានវ័យចំណាស់ហើយ មហាជនជាច្រើនបាននឹកគិត និង បញ្ចេញមតិចោទជាសំណួរថាតើអាយ៉ៃឆ្លើយឆ្លងអាចបាត់បង់ទេ បើលោកទាំងពីរសុទ្ធតែឈានចូលវ័យចំណាស់អស់ទៅហើយនោះ?