ចែកផ្លូវពីសង្សារស្រីភ្លាម Jes ហក់ចូលប្រឡូកសម្តែងរឿង BL ភ្លែត ប៉ះដៃគូដំបូងជាប្រុសស្អាតទៀត
កាលពីពេលកន្លងទៅទំនាក់ទំនងស្នេហារវាងតារាសម្ដែងប្រុស Jes Jespipat និង ស្រីស្រស់ Vill Wannarot បានដើរដល់ផ្លូវបញ្ចប់ទៅហើយ ក្រោយពីស្រឡាញ់គ្នា និង ប្រើឈ្មោះជាសង្សារមករយៈពេល ៤ ឆ្នាំ។ ជាមួយនឹងដំណឹងចែកផ្លូវគ្នានេះបានធ្វើឱ្យអ្នកគាំទ្រតារាប្រុសស្រីទាំងពីរមានការភ្ញាក់ផ្អើលខ្លាំង ព្រោះថាមិននឹកស្មានចំណងស្នេហ៍ដ៏ផ្អែមល្ហែមមករយៈពេល ៤ ឆ្នាំ របស់តារាប្រុសស្រីទាំងពីរបែរជាផុយស្រួយក្នុងមួយប៉ប្រិចភ្នែក។
ក្រោយពីចែកផ្លូវគ្នាទៅ គេឃើញតារាស្រី Vill កំពុងតែមានភាពផ្អែមល្ហែមជាមួយនឹងអ្នកកំលោះ Mac ដែលពេលនេះរូបភាពស្វីតៗតែងបង្ហោះឡើយលើបណ្ដាញសង្គមអ៊ីនស្តាក្រាមរបស់នាង។ យ៉ាងណាមិញ ងាកទៅមើលអ្នកកំលោះ Jes ឯណោះវិញ ក្រោយចែផ្លូវពីអតីតសង្សារទៅអ្នកកំលោះរូបនេះមិនទាន់បង្ហើបថាមានអ្នកស្អំបេះដូងថ្មីឡើយ ពោលខណៈនេះ Jes ទុកបេះដូងឱ្យទំនេរមួយរយៈដើម្បីផ្តោតលើកការងារជាសំខាន់។
យ៉ាងណាមិញ ថ្មីៗនេះអ្នកកំលោះ Jes ស្រាប់តែធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយហក់ចូលវិស័យសម្ដែងក្នុងរឿងបុរសស្រឡាញ់បុរសជាលើកដំបូងបន្ទាប់ពីចែកផ្លូវនឹងតារាស្រី Vill ដាច់ស្រេច។ អ្វីដែលរឹតតែមិននឹកស្មានអ្នកកំលោះរូបនេះបានប៉ះដៃគូសម្ដែងជាមួយនឹងតារាប្រុស Bible ក្នុងរឿង «4 MINUTES» ដែលជារឿង BL មួយត្រៀមចេញចាក់ផ្សាយនាពេលខាងមុខនេះ៕