![ចូលវ័យ ១៩-២០ ឆ្នាំ! តារាវ័យក្មេង ៤ រូប សម្រេចបើកចំហចំណងស្នេហ៍យ៉ាងផ្អែមល្ហែម](https://www.popular.com.kh/wp-content/uploads/2024/03/1007.jpg)
ចូលវ័យ ១៩-២០ ឆ្នាំ! តារាវ័យក្មេង ៤ រូប សម្រេចបើកចំហចំណងស្នេហ៍យ៉ាងផ្អែមល្ហែម
បើចាប់អារម្មណ៍ពីតារាប្រុសស្រីវ័យក្មេង ទាំងតារាចម្រៀង និង តារាសម្ដែងប៉ុន្មានរូប ពេលនេះពួកគេមិនត្រឹមតែមានទេពកោសល្យល្បីល្បាញអាចក្ដោបបានការគាំទ្រខ្លាំងពីទស្សនិកជនទេ រីឯរូបរាងវិញក៏ធំពេញរូបពេញរាងក្លាយជាប្រុសសង្ហាស្រីស្អាត។ អ្វីកាន់តែចាប់អារម្មណ៍ ខណៈធំពេញវ័យ ថ្មីៗកន្លងទៅ ក៏បានឃើញតារាវ័យ ៤ រូប បានបើកបង្ហាញចំណងស្នេហ៍ជាសាធារណៈទាំងវ័យក្មេងយ៉ាងផ្អែមល្ហែម។ តារាវ័យក្មេង ៤ រូបនោះមាន ៖
១. លោក ទេព ពិសិដ្ឋ
និយាយពីម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី ២ ទេព ពិសិដ្ឋ ស្របពេលកំពុងឆក់បានសន្ទុះប្រជាប្រិយភាពខ្លាំងលើសមត្ថភាពរបស់ខ្លួនក្នុងវិស័យចម្រៀងក្នុងវ័យ ១៩ ឆ្នាំ ហើយថ្មីៗកន្លងទៅ តារាចម្រៀងវ័យក្មេងពេញដោយទេពកោលស្យរូបនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ពីជីវិតឯកជនរបស់លោកខ្លាំង ក្រោយបានឃើញលោកបង្ហោះរូបភាពប៉ុន្មានសន្លឹក បើកបង្ហាញពីចំណងស្នេហ៍របស់ខ្លួនជាសាធារណៈ ដែលជានារីអ្នកក្រៅសិល្បៈម្នាក់ មានរូបសម្រស់ស្រស់ស្អាតណាស់។ ក្នុងនោះ លោក ទេព ពិសិដ្ឋ ក៏បានភ្ជាប់ជាមួយសារមួយឃ្លាយ៉ាងផ្អែមល្ហែមពីលើរូបភាពថា ៖ «don’t lose what u can’t replace»។
២. កញ្ញា ចាន់ ស្រីខួច
រីឯអតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី ១ ចាន់ ស្រីខួច ដោយឆ្នាំនេះចូលវ័យ ១៨ ឆ្នាំ ស្របពេលជិវិតសិល្បៈកាន់តែមានទីផ្សារ កញ្ញាក៏ធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញវីដេអូរបស់នាង និង បុរសរូបសង្ហាម្នាក់លើ TikTok បង្ហាញសកម្មភាពស្និទ្ធស្នាលផ្អែមល្ហែមបែបជាគូសង្សារនឹងគ្នា ដែលវីដេអូនោះបង្ហោះដោយបណ្ដាញសង្គម TikTok ភាគីខាងប្រុស មានឈ្មោះថា Tong special។ វីដេអូនោះដែរ ហាក់បើកបង្ហាញច្បាស់ៗឱ្យឃើញថាអ្នកទាំងពីរកំពុងសាងទំនាក់ទំនងស្នេហ៍នឹងគ្នាមែន។
៣. ជី ឈីងលីន
មកដល់ពេលនេះ តារាសម្ដែងស្រីវ័យក្មេង ជី ឈីងលីន កាន់តែធំពេញរូបពេញរាង ក្លាយទៅជានារីដ៏ស្រស់សោភាម្នាក់ ដោយក្តោបបានតំណែង BA ជាច្រើនសម្រាប់ផលិតផលថែសម្រស់ផ្សេងៗ និង កាន់តែទទួលបានការចាប់អារម្មណ៍លើអាជីពសិល្បៈរបស់នាងទៀតផង។
យ៉ាងណាមិញ ក្រៅពីវិស័យសិល្បៈ ថ្មីៗនេះ ជី ឈីងលីន ធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងពីជីវិតឯកជនរបស់នាង ខណៈបានឃើញបណ្ដាញសង្គមហ្វេសប៊ុករបស់នាង បានបើកបង្ហាញពីទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងប្រុសរូបសង្ហា ស៊ុន វេហា ដែលក្នុងនោះឃើញថាអ្នកទាំងពីរបានសាងស្នេហ៍ជាមួយគ្នារយៈពេលជាងកន្លះឆ្នាំមកហើយ។
៤. អាង សុជាតា
ពិតណាស់ ក្រៅពីជីវិតលើវិស័យសិល្បៈ មួយរយៈនេះ ស្របពេលតារាសម្ដែងស្រីវ័យក្មេង អាង សុជាតា កាន់តែធំវ័យពេញក្រមុំរូបសម្រស់ក្លាយជានារីដ៏ស្រស់ស្អាត និង គួរឱ្យស្រឡាញ់ខ្លាំង ក្នុងវ័យ ១៩ ឆ្នាំនេះ ត្រូវបានមហាជនអ្នកគាំទ្រជាច្រើន កំពុងចាប់អារម្មណ៍ពីជីវិតឯកជនរបស់នាង ជាពិសេសរឿងរ៉ាវស្នេហាផងដែរ។ ជាក់ស្ដែង ថ្មីៗកន្លងទៅ តារាសម្ដែងស្រីវ័យ ១៩ ឆ្នាំរូបនេះ បានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ខ្លាំង ក្រោយពីបង្ហើបថាកំពុងសាងស្នេហ៍ជាមួយបុរសម្នាក់ ហើយនាងក៏ដាច់ចិត្តបង្ហាញមុខគូស្នេហ៍យ៉ាងច្បាស់ៗ លើ Story ហ្វេសប៊ុកឱ្យអ្នកគាំទ្របានឃើញហើយ គឺជាបុរសរូបសង្ហាអ្នកក្រៅសិល្បៈម្នាក់ មានបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះថា Mike Johan៕